ភ្នំពេញ៖ បើតាមរបាយការណ៍របស់សមត្ថកិច្ច ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននូវរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ឱ្យដឹងថា៖ ការចុះបង្ក្រាបធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែងនៅចំពោះមុខ ម្ចាស់ទីតាំងឈ្មោះ លោក OH JAE HOON និងសមត្ថកិច្ចចម្រុះរកឃើញវត្ថុតាងចំនួន៣៩មុខ ។
ចំពោះទីតាំងស្តុកផលិតផលគ្រឿងសម្អាងនេះ ពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលទេ ហើយចំពោះសីតុណ្ហភាពនៅក្នុងទីតាំងនោះ គឺមានកម្តៅចំនួន ៣៦ អង្សារសេ ដែលខុសបែបបទ បច្ចេកទេសរបស់ក្រសួងសុខាភិបាល។
សមត្ថកិច្ចបានបញ្ជាក់ថា៖ លោក OH JAE HOON ដែលជាម្ចាស់ទីតាំងបានធ្វើការបដិសេធចំពោះចំនួនអង្សារសេ ដែលសមត្ថកិច្ចបានរកឃើញខាងលើ ពីព្រោះសីតុណ្ហភាព ៣៦ អង្សារសេនេះ ពុំមែនជាសីតុណ្ហភាពគិតជាមធ្យមនោះទេ។
ក្នុងករណីនេះ លោកព្រះរាជអាជ្ញារង បានសម្រេចធ្វើការដកហូតវត្ថុតាងខាងលើនេះជាបណ្តោះអាសន្ន ហើយរក្សាទុកនៅក្នុងទីតាំងនេះដដែលដោយធ្វើការបិទឃ្លុំបេជាបណ្តោះអាសន្ន ដោយតម្រូវឱ្យម្ចាស់ទីតាំងជាអ្នកមើល ទទួលខុសត្រូវមិនឱ្យមានការខូចខាត ឬបាត់បង់ រងចាំការសម្រេចជាក្រោយ តម្រូវឱ្យឈ្មោះ OH JAE HOON ទៅបំភ្លឺនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីបន្តនីតិវិធី។ ក្រោយមកសមត្ថកិច្ចបានឱ្យត្រឡប់មកផ្ទះវិញ ។
សូមបញ្ជាក់ថា៖ មន្ត្រីជំនាញចុះឆែកឆេរត្រួតពិនិត្យទីតាំងស្តុកផលិតផលគ្រឿងសំអាង របស់ក្រុមហ៊ុន ATOMY (CAMBODIA) Co,.LTD នេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានប្រតិបត្តិការ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ កាលពីវេលាម៉ោង ១០និង០០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងនោះមានការសម្របសម្រួលនីតិវិធី ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សូមរំលឹកថា៖ ក្រោយពីខាងរបាយការណ៍ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់ថា៖ គ្រឿងសម្អាងក្រុមហ៊ុន ATOMY (CAMBODIA) រកឃើញវត្ថុតាង៣៩មុខ ស្តុបដោយពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលនោះ ធ្វើឱ្យអតិថិជន បង្ហាញនូវក្តីព្រួយបារម្ភពីបញ្ហាប៉ៈពាល់សុខភាព ប្រសិនបើពួកគាត់ត្រូវបានជាវយកទៅប្រើប្រាស់។
អ្នកខ្លះបានលើកឡើងថា៖ បើការស្តុបផលិតផលសម្អាងក្រុមហ៊ុន ATOMY (CAMBODIA) ដោយពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល មានន័យថា ការប្រណាំងប្រជែងទីផ្សារពាណិជ្ជកម្ម ដោយគ្មានភាពស្មោះត្រង់ និងអាចប៉ៈពាល់សុខភាពលើអ្នកជាវយកទៅប្រើប្រាស់។
លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានប្រតិបត្តិការ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានប្រាប់អង្គភាព«នគរដ្រេហ្គន» នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ថា៖ គ្រឿងសម្អាងក្រុមហ៊ុន ATOMY
(CAMBODIA) ចាប់យកចំនួន ៣៩មុខ និងបានយកសំណាកទៅទីពិសោធន៍របស់ក្រសួងសុខាភិបាល ។ ចំណែកទីតាំងត្រូវបិទឃ្លុំបេជាបណ្តោះអាសន្ន រងចាំការសម្រេចជាក្រោយ។
លោកបន្តថា៖ ការស្តុបដោយពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល បើមាត្រា១០ នៃច្បាប់ «ឱសថ » ត្រូវពិន័យអន្តរការ ពី៥លានរៀល ទៅ១០លានរៀល ។ ករណីនេះខាងលោកកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តបន្តតាមនីតិវិធី។
សូមជម្រាបជូនថា៖ ក្នុងប្រតិបត្តិការនេះ តាំងពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៤រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ម្ចាស់ទីតាំងហាក់គ្មានចេតនា សហការជាមួយកម្លាំងចម្រុះ ប៉ុន្តែតំណាងអយ្យការនៅតែសម្របសម្រួលនីតិវិធីឱ្យមន្ត្រីនគរបាលយុត្តិធម៍ ចុះឆែកឆេរត្រួតពិនិត្យរហូតដល់បញ្ចប់ប្រតិបត្តិការ។ មានព័ត៌មានលេច ឮថា នៅរសៀលថ្ងៃទី១៧ ខែមិថុនា នេះក៏មានអ្នកចេញមុខមករត់ការអន្តរាគមន៍ក្នុងរឿងនេះផងដែរ ប៉ុន្តែមិនទាន់ដឹងថា ខាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នឹងត្រូវចាត់ការបន្តដោយរបៀបណា ដើម្បីទប់ស្កាត់ការស្តុកដោយពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលត្រូវបានពិន័យ និងចែកចាយលើទីផ្សារត្រូវហាមឃាត់នោះ។
សូមបញ្ជាក់ថា៖ ផលិតផលគ្រឿងសម្អាងរបស់ក្រុមហ៊ុន ATOMY (CAMBODIA) ដែលសមត្ថកិច្ចចាប់យកមករក្សាទុកបណ្តោះអាសន្ន ចំនួន៣៩មុខ ក្នុងនោះរួមមាន៖
1. សាប៊ូទឹកដុសខ្លួន (Body Cleanser) មានចំនួន ៤៣៣ កេស
2. ឡេលាបមុខ (BB Cream)មានចំនួន ៦៤ កេស
3. ចាស់ និងថ្នាំដុសធ្មេញ (Oral Care Set)
មានចំនួន ២១៧ កេស
4, ឡេលាបមុខ (Glow Base)មានចំនួន ៤១ កេស
5. ទឹកអនាម័យ Aidam Cleanser មានចំនួន ១៥៥ កេស
6. សាប៊ូលាងចាន Liquidមានចំនួន ៤១ កេស
7. ម៉ាសបិទមុខ 7Solutions Gel Mask មានចំនួន ៨៣ កេស
8. ច្រាស់ដុសធ្មេញ toothbrush មានចំនួន ៣៧៦ កេស
9. ឈុតលាបមុខ ABSOLUTE Skin Care មានចំនួន២៨ កេស
10. អហារក្រពះពោះវៀន Probiotics មានចំនួន ១៩៥ កេស
11. ថ្នាំដុសធ្មេញ tooth paste មានចំនួន ៦៩២ កេស
12. អាហារបំប៉នសុខភាព Color Food VitaminC មានចំនួន ៣០ កេស
13. ឡេលាបខ្លួន Body Lutionមានចំនួន ២៤ កេស
14. កៅអៀក Oil Patchមានចំនួន
២៣៦ កេស
15. ម៉ាសទឹកបិទមុខ Peel off Mask មានចំនួន ២៣ កេស
16. ទឹកជូតមុខ Toner មានចំនួន ០៥ កេស
17. ឈុតលាបមុខ Evening Care 4set មានចំនួន ១៤៨ កេស
18. មីកំប៉ុង Potato Cup Ramen មានចំនួន២៧ កេស
19. ហ្វមលាងមុខ ចំនួន ៤០ កេស
20.ឈុតថែរក្សាមុខ AC specialមានចំនួន ៣៣ កេស
21. ឡេលាបស្បែក Atomy Body Lotion មានចំនួន ៦១ កេស
22. ទឹកបណ្តុះសក់ Atomy Herbol Hair Tonic មានចំនួន ១៨៩ កេស
23. ឡេការពារកម្តៅថ្ងៃ Suncreen White មានចំនួន ២៩ កេស
24. សាប៊ូកក់សក់ Herbal Hair Shumboo មានចំនួន ៥១១ កេស
25.ឡេបំបាត់ជាំមុខ Atomy Aqua 3set មានចំនួន ១៨ កេស
26. អាហារបំប៉ន Atomy Alaska E-Omega 3 មានចំនួន ១៦ កេស
27.ឈុតថែរក្សាស្បែក Calming Care Speacial_មានចំនួន ៣៤ កេស
28. ឡេការពារកំដៅថ្ងៃ Sun Screen Beige មានចំនួន ៥៦ កេស
29. Herbal Hair Condictioner មានចំនួន ១១២ កេស
30.ឈុតថ្នាំដុសធ្មេញ និងច្រាស់ដុសធ្មេញ មានចំនួន ២២៤ កេស
31. សំបកកេសទទេ មានចំនួន ១៨១០ កេស
32. សាប៊ូលាងចាន Atomy Dish Detergentមានចំនួន ១០២កេស
33. ទឹកក្រអូប Atomy Fabric Softener
មានចំនួន ៤០កេស
34. ម៉ៃយិនស៊ិន Hong Samdam មានចំនួន៣២ កេស
35. ទឹកបណ្តុះសក់ Herbal Hair មានចំនួន ៦០ កេស
36. ទឹកអនាម័យ Aidam Cleanser មានចំនួន ៧៥ កេស
37.ឡេចិញ្ចឹមស្បែកមុខ Heathy Glow Base មានចំនួន ១០ កេស
38. ឡេចិញ្ចឹមស្បែកមុខ Deep Cleanser មានចំនួន ២០ កេស
39. ទឹកបរិសុទ្ធកូរ៉េ មានចំនួន ៥១ យួ។
ពាក់ព័ន្ធករណីនេះ ខាងក្រុមហ៊ុន ATOMY (CAMBODIA) បានទូរស័ព្ទមកកាន់អង្គភាព «នគរដ្រេហ្គន» ថាទីតាំងរបស់ខ្លួនមានច្បាប់ត្រឹមត្រូវ និងគម្រាមឱ្យខាងក្រសួងមហាផ្ទៃចាត់ការ អង្គភាព «នគរដ្រេហ្គន»ថែមទៀត។ ដោយឡែក
ខាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់ថា៖ ក្រុមហ៊ុនខាងលើសន្យានឹងយកឯកសារមកបង្ហាញសមត្ថកិច្ចចម្រុះនៅថ្ងៃសុក្រ ខាងមុខនេះ។
មជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋបានលើកឡើងថា៖ បើទីតាំងគ្រឿងសម្អាងក្រុមហ៊ុន ATOMY (CAMBODIA)ដូចការអះអាង ពីម្ចាស់និងគូកន ថាខ្លួនច្បាប់ត្រឹមត្រូវ..
ហេតុអីតំណាងអយ្យការ សម្របសម្រួលនីតិវិធី ឱ្យកម្លាំងសមត្ថកិច្ចចម្រុះនៃមន្ត្រីនគរបាលយុត្តិធម៌ចុះមកឆែកឆេរត្រួតពិនិត្យ ឈានដល់បិទឃ្លុំបេទីតាំង..! ហើយបើខ្លួនមានទីតាំងស្តុបគ្រឿងសម្អាងស្របច្បាប់ហេតុអីមិនធ្វើការប្តឹង អយ្យការ ប្តឹងសមត្ថកិច្ចចម្រុះ ដែលចុះមកឆែរឆេរ ខណៈប្រទេសគ្រប់គ្រងដោយច្បាប់ ពលរដ្ឋមានសិទ្ធស្មើគ្នាចំពោះមុខច្បាប់នោះ..? ផ្ទុយទៅវិញសមត្ថកិច្ចឆែកឆេរទីតាំងគ្រឿងសម្អាងក្រុមហ៊ុន ATOMY (CAMBODIA) រកឃើញវត្ថុតាង៣៩មុខ ស្តុបដោយពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងការទុកដាក់រក្សាគ្រឿងសម្អាង ខុសពីសីតុណ្ហភាពកំណត់ទៀតផង៕
ដោយ៖សុខ ខេមរា