ព័ត៌មានទាន់ហេតុការណ៍៖

អតីតរដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន និងភរិយា ត្រូវប៉ូលិសឃាត់ខ្លួន ពាក់ព័ន្ធរឿងចំណាយលុយរាប់លានយ៉េន ទិញសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន

ចែករំលែក៖

អន្តរជាតិ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ យោងតាមទូរទស្សន៍ជប៉ុន NHK បានចេញផ្សាយថា លោក កាត់សូយូគិ កាវ៉ាអ៉ិ(Katsuyuki Kawai) អតីតរដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន និងភរិយារបស់លោកដែលជាសមាជិកសភាម្នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះក្រោមបទសង្ស័យទិញសន្លឹកឆ្នោត ដែលនេះអាចនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ។

ទូរទស្សន៍ជប៉ុន NHK បានបញ្ជាក់ថា ក្រុមព្រះរាជអាជ្ញាជប៉ុនបានសង្ស័យថា លោក Katsuyuki Kawai និងភរិយាគឺលោកស្រី អានរិ កាវ៉ាអ៉ិ (Anri Kawai) បានចំណាយលុយរាប់លានយ៉េន ដើម្បីទិញសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន កាលពីឆ្នាំ២០១៩ ជាពេលដែលលោកស្រី Anri Kawai ជាប់ឆ្នោតជាសមាជិកសភា។

សូមជម្រាបថា បើទោះបីស្ថិតនៅក្រោមការសង្ស័យក្តី ប៉ុន្តែការឃាត់ខ្លួនលោក Katsuyuki Kawai ត្រូវបានគេរំពឹងថា អាចនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ ត្បិតរដ្ឋមន្ត្រីយុត្តិធម៌រូបនេះ គឺធ្លាប់ជាមនុស្សជំនិតម្នាក់របស់លោក អាបេ។ លោកKatsuyuki Kawai បានលាលែងចេញពីតំណែងជារដ្ឋមន្ត្រីយុត្តិធម៌ជប៉ុនកាលពីខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ប្រពន្ធរបស់លោកមានជាប់ពាក់ព័ន្ធនឹង ទង្វើមិនប្រក្រតីក្នុងការបោះឆ្នោត៕ដោយ៖ស តារា


ចែករំលែក៖