ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងឆាបឆេះនៅលើផ្លូវល្បឿនលឿនអ្នកដំណើរ១១នាក់រួចផុតពីក្តីស្លាប់

ចែករំលែក៖

អ្នកដំណើរ១១នាក់បានចេញពីរថយន្តទាន់ពេលវេលា ក្នុងពេលដែលរថយន្តក្រុងគ្រែដេក ឆាបឆេះនៅលើផ្លូវល្បឿនលឿន ណូយបាយ-ឡាវកាយ។
ហេតុការណ៍ខាងលើកើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី១៨ ខែមិថុនា ប៉ុន្តែជាភ័ព្វសំណាង អ្នកដំណើរបានចាកចេញពីរថយន្តទាន់ពេលវេលា។ ក្នុងពេលកំពុងតែបើកបរ ក៏មានផ្សែងចេញពីខាងក្រោយរថយន្ត ត្រង់ចំណុចម៉ាស៊ីន។ អ្នកដំណើរក៏បានស្រែកហើយនាំគ្នារត់ចុះពីរថយន្ត។
ប៉ុន្មាននាទីក្រោយមក អណ្តាតភ្លើងបានគ្របដណ្តប់ រថយន្តក្រុងទាំងមូល។ ភ្លាមៗនោះ ប៉ូលិសចរាចរណ៍ក៏បានទៅដល់កន្លែងកើតហេតុ ហើយសហការជាមួយមន្ត្រីក្នុងតំបន់ដើម្បីគ្រប់គ្រងស្ថានភាព។
តាមសារព័ត៌មាន Zing បានផ្សាយថា បានដកស្រង់សំដីប៉ូលិសចរាចរណ៍នៅកន្លែងកើតហេតុឲ្យដឹងថា អ្នកដំណើរមានសុវត្ថិភាពទាំងអស់ ប៉ុន្តែសម្ភាររបស់ពួកគាត់ត្រូវឆេះខ្ទេចទាំងអស់។ កម្លាំងប៉ូលិសក៏បានសម្រួលចរាចរណ៍ ដើម្បីកុំឲ្យកកស្ទះ ។
ក្រុមជំនាញ នៅស្រុក ប៊ិនសៀង ខេត្តវិញភុក បានបើកការស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់ពីមូលហេតុបណ្តាលឲ្យឆេះរថយន្តខាងលើ៕ដោយ៖ធី រីណា


ចែករំលែក៖