ព័ត៌មានទាន់ហេតុការណ៍៖

បុរសអាយុ៦០ឆ្នាំម្នាក់ទៅដឹកគោចូលក្រោលខណៈមេឃកំពុងរលឹមត្រូវរន្ទះបាញ់ស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល​៖ បុរសអាយុ៦០ឆ្នាំម្នាក់​ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបុរសរងគ្រោះចេញពីផ្ទះទៅដឹកគោចូលក្រោល ខណៈមេឃកំពុងភ្លៀងរលឹមស្រិចៗ។ ករណីនេះ​បានកើតឡើង​ កាលពីថ្ងៃទី ១៦ ខែមិថុនា​ ឆ្នាំ២០២០​ វេលាម៉ោង ១៨៖០០នាទី នៅចំណុចវាលបឹងឈូក ស្ថិតក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

     មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាង សុខ ភេទប្រុស​ អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

     ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់កូនជនរងគ្រោះឈ្មោះសុខ បញ្ញាភេទប្រុស អាយុ២៩ឆ្នាំ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០វេលាម៉ោង១៤និង៣០នាទី ជនរងគ្រោះបានទៅក្រោលគោនៅជិតបឹងឈូកដើម្បីលែងគោឲ្យស៊ីស្មៅ ដោយទៅជាមួយកូនប្រុស២នាក់និងចៅស្រី១នាក់។ លុះមកដល់វេលាម៉ោង១៦៖០០នាទីថ្ងៃខែឆ្នាំដដែល ដោយមានភ្លៀងធ្លាក់រលឹមស្រិចៗ ជនរងគ្រោះរួមទាំងកូន២នាក់ និងចៅស្រី បានចុះទៅកៀងគោឲ្យចូលក្រោលវិញ ដោយកូននិងចៅស្ថិតនៅចម្ងាយ៥ម៉ែត្រទៅ៦ម៉ែត្រពីជនរងគ្រោះ ខណៈនោះស្រាប់តែមានរន្ទះបាញ់ចំជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះដេកដួលនៅលើដី។  ភ្លាមៗនោះ ក្រុមគ្រួសារកូនចៅក៏បាននាំគ្នាដឹកជនរងគ្រោះទៅពេទ្យភូមិនៅព្រែកហូរឲ្យជួយមើល ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចទើបរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។

   បន្ទាប់ពីនគរបាលជំនាញទទួលបានព័ត៌មានខាងលើភ្លាម​ក៏ចុះមកពិនិត្យ ធ្វើកោសល្យវិច័យសពរួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារ រន្ទះបាញ់ប្រាកដមែន ។ សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖