ក្រចេះ÷អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផលខេត្តក្រចេះ បានលែងកូនកន្ធាយក្បាលកង្កែប ឬល្មិច ចំនួន១០០ក្បាល ឲ្យទៅរស់នៅក្នុងជម្រកធម្មជាតិ នៃដងទន្លេមេគង្គវិញកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។ មន្រ្តីអង្គការ WCS បាននិយាយថាពិធីលែងកូនកន្ធាយក្បាលកង្កែបនេះ មានការចូលរួមពី លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា អភិបាលរងខេត្តក្រចេះ តំណាងរដ្ឋបាលជលផល ខណ្ឌជលផលខេត្តក្រចេះ ទីភ្នាក់ងារជំនួយអាមេរិក USAID គម្រោងព្រៃឡង់បៃតង សមាជិកសហគមន៍នេសាទ ក្រុមអ្នកការពារសំបុកល្មិច ឆ្មាំទន្លេ និងអង្គការ WCSជាច្រើននាក់។
មន្រ្តីដដែលអះអាងថាបច្ចុប្បន្នអង្គការ WCS កំពុងអនុវត្ត «គម្រោងអភិរក្សកន្ធាយក្បាលកង្កែប» នៅតាមដងទន្លេមេគង្គស្ថិតក្នុង ខេត្តក្រចេះ និងស្ទឹងត្រែង គម្រោងនេះគាំទ្រដោយសហភាពអឺរ៉ុប សួនសត្វព្រៃស៊ីងហ្គាពួរ (WRS), USFWS Margaret A. Cargill Philanthropy Turtle Survival Alliance (TSA) ក្នុងបំណងផ្សព្វផ្សាយឲ្យក្មេងៗជំនាន់ក្រោយយល់ដឹង និងស្គាល់ប្រភេទសត្វដែលជិតផុតពូជនេះ។
សត្វកន្ធាយក្បាលកង្កែប ឬល្មិច (Pelochelys cantorii) ត្រូវបានកំណត់ក្នុងបញ្ជីក្រហមរបស់ IUCN ថា ជាប្រភេទសត្វដែលរងការគំរាមកំហែងជាសកលដែលយើងទាំអស់គ្នាត្រូវចូលរួមថែរក្សា៕