ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យសោកស្តាយពីការផ្សាយគេហទំព័រ CEN ធ្វើព័ត៌មានមិនពិត មិនគ្រប់ជ្រុងជ្រោយ ដើរផ្ទុយពីក្រមសីលធម៍ និងវិជ្ជាជីវៈ អ្នកសារព័ត៌មាន

ចែករំលែក៖

ភ្នំពេញ៖ គេហទំព័រ CEN នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បានចុះផ្សាយនូវអត្ថបទ ដែលមានចំណងជើងថា៖ (ការផ្សាយព័ត៌មានបំភ្លើស របស់សារព័ត៌មាន មួយចំនួនតូចធ្វើអោយអតិថិជន អាតូមី ផ្ទុះកំហឹងតាមបណ្តាញសង្គម)។ សំដៅចោទប្រកាន់ថា គេហទំព័រ «នគរដ្រេហ្គន» ផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិតដើម្បីផលប្រយោជន៍ដោយគ្មានមូលដ្ឋានច្បាស់លាស់។
រាល់ពាក្យពេចន៍ដែលបានលើកឡើងលើ គេហទំព័រ CEN គឺអង្គភាព«នគរដ្រេហ្គន»ពិតជាមានការសោកស្តាយចំពោះការចុះផ្សាយ ដែលធ្វើព័ត៌មានមិនពិត មិនគ្រប់ជ្រុងជ្រោយ ប៉ះពាល់ដល់កិត្តិយសអង្គភាព«នគរដ្រេហ្គន» ដ៏ធ្ងន់ធ្ងរ។ ដូច្នេះអង្គភាព«នគរដ្រេហ្គន» ក៏បានធ្វើលិខិតស្នើសុំអង្គភាព CEN បំភ្លឺជាផ្លូវការនៅអង្គភាព CEN ប៉ុន្តែការបញ្ជូនលិខិតផ្លូវការទៅកាន់អង្គភាព គឺមានភាពលំបាក ព្រោះផ្អែកតាមអាជ្ញាបណ្ណ មានអាសយដ្ឋាន ស្ថិតនៅផ្ទះលេខ ២K ផ្លូវលេខ ៦០៨ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប៉ុន្តែពេលភ្នាក់ងារ អង្គភាព«នគរដ្រេហ្គន» យកលិខិតទៅតាមអាសយដ្ឋាននោះ ឃើញបិទទ្វារ ចាក់សោរចោល គ្មានមនុស្សនៅ ហើយដាក់ផ្លាកលក់។
អង្គភាព«នគរដ្រេហ្គន បានបញ្ជាក់នៅក្នុងលិខិតបំភ្លឺផ្លូវការរបស់ខ្លួន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ថា៖ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ គេហទំព័រ CEN បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា៖ ៖ (ការផ្សាយព័ត៌មានបំភ្លើស របស់សារព័ត៌មាន មួយចំនួនតូចធ្វើអោយអតិថិជន អាតូមី ផ្ទុះកំហឹងតាមបណ្តាញសង្គម) ដែលខ្លឹមសារនៅក្នុងអត្ថបទចុះផ្សាយខាងលើ បានសង្កត់ធ្ងន់ថា គេហទំព័រ «នគរដ្រេហ្គន» WWW.nkdnews.com ផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនិងការនាំចូលផលិតផលរបស់ក្រុមហ៊ុន អាតូមី។ មួយវិញទៀត គេហទំព័រ CEN ក៏បានលើកឡើងថា (អតិថិជន និងភ្នាក់ងារចែកចាយផលិតផលរបស់ក្រុមហ៊ុន ATOMY CAMBODIA រាប់ពាន់នាក់ទាំងនេះ បានចេញមុខប្រតិកម្ម និងខឹងសម្បារយ៉ាងខ្លាំងទៅនឹងបណ្តាញសារព័ត៌មាន នគរដ្រេហ្គន…ដែលពួកគាត់លើកឡើងថា បានផ្សាយព័ត៌មានប្រឌិត ក្នុងគោលបំណងទទួលផលប្រយោជន៍ជាប្រាក់កាស ជាថ្នូរនឹងការបិទព័ត៌មាន របស់ខ្លួន ។ ក្នុងអត្ថបទចុះផ្សាយបានបញ្ជាក់ទៀតថា បើតាមបញ្ជាក់ពីតំណាងក្រុមហ៊ុន អាតូមី នៅពេលក្រុមហ៊ុនទាក់ទងទៅដើម្បីស្នើសុំការកែតម្រូវ ខាងបណ្តាញព័ត៌មាន នគរដ្រេហ្គន បានឆ្លើយមកវិញថា នគរដ្រេហ្គន មិនកែតម្រូវទេ…ហើយចោទថាទារលុយ៤០០០ដុល្លារ ជាថ្នូរនឹងការលុបព័ត៌មាន..និងមានការលើកឡើងជាច្រើនទៀត ។
ដូចមានក្នុងអត្ថបទចុះផ្សាយដោយអង្គភាព CEN ពាក់ព័ន្ធនឹងការលើកឡើងខាងលើ អង្គភាព «នគរដ្រេហ្គន» បានលើកជាសំណួរថា៖
ទី១-តើមានឯកសារអ្វីដែលបញ្ជាក់ថា ខាងក្រុមហ៊ុន អាតូមី បានស្នើមកអង្គភាព «នគរដ្រេហ្គន» ត្រឹមត្រូវតាមបែបបទរដ្ឋបាលហើយ ខាងអង្គភាព«នគរដ្រេហ្គន»មិនបំភ្លឺឱ្យ ដូច្នេះអង្គភាព«នគរដ្រេហ្គន»សុំឱ្យបង្ហាញនូវឯកសារដែលជាភស្តុតាង។
ទី២-ស្នើសុំឱ្យគេហទំព័រ CEN ផ្តល់អត្តសញ្ញាណជាក់លាក់ ចំពោះបុគ្គលដែលបាននិយាយប្រាប់ទៅខាងគេហទំព័រ CEN ថាខាងអង្គភាព «នគរដ្រេហ្គន» បានទារលុយ ៤០០០ដុល្លារអាមេរិក ជាថ្នូរនឹងការលុបព័ត៌មាន។ ក្នុងនោះ អង្គភាព «នគរដ្រេហ្គន» ស្នើសុំអង្គភាព CEN មេត្តាជួយសហការផ្តល់អត្តសញ្ញាណចំពោះបុគ្គលដែលបានអះអាង និងផ្តល់ព័ត៌មានទាំង២ចំណុចខាងលើ អោយអង្គភាព CEN ចុះផ្សាយមកអង្គភាព «នគរដ្រេហ្គន» ដើម្បីអង្គភាព«នគរដ្រេហ្គន» មានមូលដ្ឋានជាក់លាក់ ក្នុងការមានចំណាត់ការទៅតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណាដែលបានប្រឌិតព័ត៌មាន ក្លែងក្លាយ ហើយផ្តល់ព័ត៌មានមិនពិតចំពោះគេហទំព័រ CEN ដើម្បីចុះផ្សាយ។
អង្គភាព«នគរដ្រេហ្គន» បានរំលឹកថា៖ ក្នុងករណីអង្គភាព CEN មិនចូលរួមសហការផ្តល់នូវឯកសារ និងអត្តសញ្ញាណជាក់លាក់ តាមការស្នើសុំពីអង្គភាព «នគរដ្រេហ្គន» គឺអង្គភាព «នគរដ្រេហ្គន»ប្រកាន់ជំហររក្សាសិទ្ធ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់។
អង្គភាព«នគរដ្រេហ្គន» បានបន្តថា៖ ចំពោះការដែលចេញផ្សាយ ដែលបានលើកឡើងខាងលើ គឺគ្មានទល្ហីករណ៍ និងមូលដ្ឋានច្បាស់លាស់ឡើយ ។ អង្គភាព «នគរដ្រេហ្គន» សុំច្រានចោលទាំងស្រុង ព្រោះជាព័ត៌មានប្រឌិត មិនមានការពិតឡើយ ហើយអង្គភាព«នគរដ្រហ្គន» មានការសោកស្តាយយ៉ាងខ្លាំងដែលអង្គភាព CEN ធ្វើការផ្សព្វផ្សាយព័ត៌មាន មិនបានប្រមូលព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយ ហើយយកតែប្រភពព័ត៌មានតាមបណ្តាញសង្គម (Facebook) ជាប្រភពមិនពិតប្រាកដ ហើយក៏មិនបានធ្វើបទសំភាសន៍មកកាន់អង្គភាព«នគរដ្រេហ្គន» WWW. nkdnews.com ព្រោះអង្គភាព«នគរដ្រេហ្គន» មានអាសយដ្ឋានច្បាស់លាស់ មានរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវ មានការិយាល័យរដ្ឋបាល សម្រាប់ទំនាក់ទំនង មិនមែនជាអង្គភាព អារ៉ាត់អារាយលើកកញ្ជើដើរនោះទេ។
អង្គភាព«នគរដ្រេហ្គន» បានលើកឡើងថា៖ ទង្វើថ្នាក់ដឹកនាំអង្គភាព CEN គឺដើរផ្ទុយពីក្រមសីលធម៍ និងវិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន៕ដោយ៖សុខ ខេមរា


ចែករំលែក៖