ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋឥណ្ឌាខឹងសម្បាយ៉ាងខ្លាំងចំពោះវិវាទព្រំដែន ហើយអំពាវនាវឲ្យឈប់ប្រើប្រាស់ផលិតផលចិន

ចែករំលែក៖

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី​១៩​ខែមិថុនា បានផ្សាយថា រដ្ឋាភិបាលអាមេរិកបានចូលរួមរំលែកទុក្ខដល់ទាហានឥណ្ឌា២០​នាក់ដែលស្លាប់ ក្នុងការប៉ះទង្គិចគ្នា ដោយប្រើដំបង​ដុំថ្ម វាយតប់គ្នាកាលពីយប់ថ្ងៃទី​១៥ ខែមិថុនា។​ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​Mike Pompeo បានបញ្ជាក់ថា «យើងសូមចូលរួម រំលែកទុក្ខដល់ពលរដ្ឋឥណ្ឌា​ ដែលបានបាត់បង់ទាហាន ដោយការប៉ះទង្គិចគ្នាជាមួយភាគីចិន»។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានផ្សាយថា មានទាហានចិន​៤៥នាក់​ស្លាប់។ ភាពតានតឹងនៅព្រំដែននៅតែបន្តបើទោះបីរដ្ឋាភិបាលប្រទេសទាំងពីរ បានព្រមព្រៀងគ្នាបញ្ចប់ភាពតានតឹងក្តី។
វិវាទនៅព្រំដែនកំពុងក្លាយទៅជាបញ្ហាជាតិសាសន៍​ដោយពលរដ្ឋ​ឥណ្ឌាជាច្រើនថ្ងៃកន្លងមក បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ឈប់ប្រើប្រាស់ទំនិញឬសម្ភាររបស់ចិន​។ ការរាលដាលដល់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម នឹងធ្វើឲ្យប្រទេសទាំងពីរខាតបង់សេដ្ឋកិច្ចកាន់តែច្រើន​។
នៅពេលនេះដែរកម្លាំងទាហានអាកាសឥណ្ឌា បានបញ្ជូនយន្តហោះបំពាក់កាំជ្រួចមីស៊ីលទំនើបបំផុត Brahmos ទៅកាន់តំបន់ព្រំដែនដែលមានវិវាទជាមួយចិន​។ មិនតែប៉ុណ្ណោះប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានផ្សាយថា កម្លាំងទាហានជើងគោក ជើងទឹក និងអាកាស​បានត្រៀមលក្ខណៈរួចរាល់ដើម្បីតបតជាមួយចិន​​ ប្រសិនបើផ្ទុះសង្គ្រាមជាទ្រង់ទ្រាយធំនៅព្រំដែននោះ ៕ធី រីណា


ចែករំលែក៖