ទំនាក់ទំនងរវាងចិននឹងកាណាដា កាន់តែតានតឹង ក្រោយពេលរដ្ឋាភិបាលចិនបានចោទប្រកាន់ជាផ្លូវការដល់ជនជាតិកាណាដាពីររូប គឺអតីតមន្ត្រីការបរទេសកាណាដា លោកMichael Kovrig និងអ្នកជំនួញឈ្មោះMichael Spavor ដែលចិនបានចាប់ខ្លួនកាលពីចុងឆ្នាំ២០១៨ ក្រោយពេលកាណាដាចាប់ខ្លួនកូនស្រីស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហួវៃ តាមសំណើអាមេរិក។
នៅក្នុងសេចក្តីប្រកាសពីរផ្សេងគ្នា ដែលចៅក្រមប្រទេសចិនបានបង្ហោះនៅលើគេហទំព័រនៅថ្ងៃទី១៩ខែមិថុនានេះ ដោយបានចោទប្រកាន់ជនជាតិកាណាដាទាំងពីររូបពីបទចារកិច្ចផ្តល់ព័ត៌មានសម្ងាត់ដល់អង្គភាពក្រៅប្រទេសចិន ។
លោកKovrig និង លោក Spavor ត្រូវបានចាប់ខ្លួននៅថ្ងៃទី ១០ ខែធ្នូឆ្នាំ២០១៨ ក្រោយពីកាណាដាចាប់ខ្លួនលោកស្រីម៉េង វ៉ាន់ស៊ូ អគ្គនាយិកាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហួវៃ។
តាមសារព័ត៌មានThe Globe ជនជាតិកាណាដាទាំងពីររូបត្រូវបានឃុំខ្លួននៅតំបន់ដែលបើកភ្លើង២៤ម៉ោងលើ២៤ម៉ោង(មិនឃើញពន្លឺព្រះអាទិត្យ) តាំងពីពាក់កណ្តាលខែមករាមក ហើយមិនអាចជួបជាមួយមន្ត្រីស្ថានទូតកាណាដាបានឡើយដោយសារតែបញ្ហាកូវីដ-១៩។
ជនជាតិកាណាដាទាំងពីររូបត្រូវបានចោទប្រកាន់ទោស ក្រោយពេលតុលាការBritish Columbia មិនព្រមដោះលែងលោកស្រី ម៉េងវ៉ាន់ស៊ូ ដោយរង់ចាំបញ្ជូនទៅកាន់អាមេរិក ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា នេះជាការសងសឹករបស់ចិនទៅលើកាណាដា ហើយចិនធ្វើអ្វីតាមដែលកាណាដាបានធ្វើតែប៉ុណ្ណោះ ។ ប្រសិនបើកាណាដា ដោះលែងអគ្គនាយិកាហិរញ្ញវត្ថុរបស់ហួវៃ ចិនក៏នឹងដោះលែងជនជាតិកាណាដាដូចគ្នាដែរ៕ដោយ៖ធី រីណា