ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរទីក្រុងប៉េកាំងធ្វើតេស្តចំណីអាហារ និងបុគ្គលិកផ្សាររក COVID-19 ព្រោះករណីឆ្លងថ្មីៗកំពុងរកឃើញជាប្រចាំថ្ងៃ

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីស្វែងរកវីរុសកូរ៉ូណា អាជ្ញាធរទីក្រុងប៉េកាំង បានឈានទៅធ្វើការត្រួតពិនិត្យចំណីអាហារផ្សេងៗ ហើយចំពោះបុគ្គលិកដឹកជញ្ជូនចំណីអាហារនៅតាមផ្សារ ឬហាងនានា ក៏តម្រូវឲ្យទៅធ្វើតេស្តផងដែរ ខណៈករណីឆ្លងថ្មីៗត្រូវបានរកឃើញជាប្រចាំថ្ងៃ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលចិន បានបញ្ជាក់ថា នៅក្នុងរបាយការណ៍ស្តីអំពីស្ថានការណ៍ COVID-19 សម្រាប់ថ្ងៃសៅរ៍នេះ ខ្លួនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២៧ករណីបន្ថែមទៀត នៅក្នុងរយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញ។ ដោយក្នុងនោះមាន ២៣ករណីជាប្រភេទករណីឆ្លងក្នុងស្រុក និង ០៤ករណីទៀតជាករណីនាំចូលពីបរទេស។

បើតាមការបញ្ជាក់ពីគណៈកម្មការសុខភាពជាតិចិនបានឲ្យដឹងថាក្នុងចំណោមប្រភេទករណីឆ្លងក្នុងស្រុកទាំង ២៣ករណីខាងលើនេះ រដ្ឋធានីប៉េកាំងបានរ៉ាប់រងចំនួន ២២ករណីតែឯង។ ចំណែកឯ ០១ករណីទៀតត្រូវបានរាយការចេញពីខេត្តហឺប៉ី (Hebei)

អាជ្ញាធរសុខាភិបាលចិន បានបញ្ជាក់ទៀតថា ខ្លួនក៏បានកត់ត្រាអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ១២នាក់បន្ថែមទៀតផងដែរដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប នៅទូទាំងប្រទេសចិនកើនដល់៧៨,៣៤១០នាក់។ គិតត្រឹមពេលនេះ ចិនមានករណីឆ្លងCOVID-19 សុរប ៨៣,៣២៥ករណី ខណៈតួលេខនៃអ្នកស្លាប់គឺនៅរក្សាបានត្រឹម,៦៣៤នាក់ដដែលសម្រាប់រយៈពេលជាច្រើនសប្តាហ៍មកហើយ៕ដោយ៖ស តារា


ចែករំលែក៖