ក្រុមបាតុករអាមេរិក បានអូសរូបសំណាក់មេទ័ពAlbert Pike ឲ្យរលំហើយកម្ទេចនៅទីក្រុងវ៉ាស៊ីនតោន ក្នុងពេលធ្វើបាតុកម្មទាមទារសិទ្ធសេរីភាពដល់ការរស់នៅរបស់ក្រុមជនជាតិស្បែកខ្មៅ។
នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា «កម្លាំងប៉ូលិសទីក្រុងវ៉ាស៊ីនតោន ឌីស៊ី មិនបំពេញការងាររបស់ខ្លួន ក្នុងការរារាំងបាតុករបំផ្លាញរូបសំណាក់ ក្រុមបាតុករទាំងនោះត្រូវតែចាប់ខ្លួន»។
ជាមួយគ្នានេះក៏បានក្បួនព្យុហយាត្រាជាច្រើន ដើម្បីរំលឹកខួប១៥៥ឆ្នាំថ្ងៃបញ្ចប់របបទាសករនៅអាមេរិក។ Juneteenth គឺជាទិវាដែលបានកើតឡើងដំបូងនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ១៨៦៥។ នៅពេលនោះ ឧត្តមសេនីយ៍ម្នាក់បានទៅដល់រដ្ឋតិចសាស់ ហើយបានជូនដំណឹងប្រាប់ទៅទាសករនៅទីនោះថា ពួកគេមានសេរីភាពវិញហើយ។ ពោលគឺ ០២ខែបន្ទាប់ពីសង្គ្រាមស៊ីវិលបានបិទបញ្ចប់ និង ០២ឆ្នាំកន្លះបន្ទាប់ពីអតីតប្រធានាធិបតីអាមេរិកលោក អាប្រាហាំ លីនខុន (Abraham Lincoln) បានចេញសេចក្តីប្រកាសរំសាយទាសភាពទាំងអស់នៅសហរដ្ឋអាមេរិក។
កន្លងមកកម្លាំងប៉ូលិស រងសម្ពាធយ៉ាងខ្លាំង ពីក្រុមបាតុករទាមទារកែទម្រង់ស្ថាប័នប៉ូលិស ក្រោយការស្លាប់ជនជាតិស្បែកខ្មៅដោយស្នាដៃប៉ូលិស ។ ទាំងនោះហើយបានធ្វើឲ្យប៉ូលិស មានការធុញទ្រាន់ ក្នុងការបំពេញភារកិច្ច «ធ្វើក៏ខុសមិនធ្វើក៏ខុស»៕
ដោយ៖ធី រីណា