ក្រសួងយុត្តិធម៌អាមេរិក បានសម្រេចដកហូតតំណែងលោកGeoffrey Berman ប្រធានក្រុមស្រាវជ្រាវទៅលើសម្ពន្ធមិត្តរបស់លោកត្រាំ ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកWilliam Barr នៅយប់ថ្ងៃទី១៩ខែមិថុនា បានប្រកាសដកហូតតំណែងខាងលើក្រោយពីលោកGeoffrey Bermanបានស្រាវជ្រាវទៅលើបុគ្គលជិតស្និទ្ធជាមួយប្រធានាធិបតីដូណាល់ ត្រាំ។
នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ប្រធានាធិបតី ដូណាល់ ត្រាំ មានបំណងផ្លាស់ប្តូរលោកGeoffrey Berman ជំនួសវិញដោយលោក Jay Clayton ដែលជាប្រធានទីផ្សារមូលបត្រ អាមេរិក។ ពេលដំបូងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានស្នើឲ្យលោក Berman លាលែងចេញពីតំណែង ប៉ុន្តែលោកមិនព្រម។
ក្រុមស្រាវជ្រាវរបស់លោកBerman បានចោទប្រកាន់ដោយជោគជ័យដល់អតីតមេធាវីរបស់ប្រធានាធិបតីដូណាល់ ត្រាំ គឺលោក Michael Cohen ។ គោលដៅដែលត្រូវស្រាវជ្រាវបន្តទៀតគឺលោក Rudolph Giuliani ដែលបច្ចុប្បន្នជាមេធាវីផ្ទាល់ខ្លួនរបស់លោកត្រាំផងដែរ។
សកម្មភាពខាងលើកើតឡើង ក្រោយពេលអតីតទីប្រឹក្សាសន្តិសុខជាតិ លោកJohn Bolton បានសរសេរនៅក្នុងសៀវភៅរបស់លោកថា ប្រធានាធិបតីត្រាំបានព្យាយាមជ្រៀតជ្រែកចូលកិច្ចការស្រាវជ្រាវរបស់ លោក Berman ដែលផ្តល់ភាពអវិជ្ជមានដល់ប្រធានាធិបតី៕ដោយ៖ធី រីណា