ទិវាឪពុក (Father s Day) មិនមែនជាប្រពៃណីវប្បធម៌របស់ខ្មែរនោះទេ ប៉ុន្តែត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅបណ្តាប្រទេសជាច្រើនជាពិសេសនៅទ្វីបអឺរ៉ុប ដោយគេមិនបានកំណត់កាលបរិច្ឆេទក្នុងការរៀបចំច្បាស់លាស់នោះឡើយ ប៉ុន្តែ គេនិយមប្រារព្ធនៅចំថ្ងៃអាទិត្យ សប្តាហ៍ទី៣នៃខែមិថុនាក្នុងឆ្នាំនីមួួយៗ។សម្រាប់ឆ្នាំ២០២០ នេះសប្តាហ៍ទី៣ខែមិថុនា ចំថ្ងៃអាទិត្យទី២១ មិថុនាឯង ។
ទិវាឪពុក (Father s Day) ត្រូវបានបង្កើតឡើងដើម្បីឧទ្ទិសដល់ឪពុកគ្រប់រូប ដូចជាដឹងគុណចំពោះម្តាយនៅក្នុងទិវាម្តាយ (Mother s Day) យ៉ាងដូច្នេះដែរ។
ប្រវត្តិនៃទិវាឪពុក ឬទិវាបិតា មានប្រវត្តិចេញពី អ្នកស្រី Sonora Dodd ដែលមានដើមកំណើតនៅក្រុងវ៉ាស៊ីនតោន ត្រូវបានចាត់ទុកថា ជាស្ថាបនិកនៃទិវានេះ នាឆ្នាំ១៩០៩ ។ដោយយកគំរូតាមអ្នកស្រី Anna Jarvis ស្ថាបនិកនៃទិវាម្តាយ។ អ្នកស្រី Dodd បានបង្កើត «ទិវាឪពុក» ដើម្បីរំលឹកដល់ឪពុករបស់ខ្លួនដែលជាបុរសពោះម៉ាយ និងជាអតីតយុទ្ធជនក្នុងសង្គ្រាមស៊ីវិល។ អ្នកស្រីយកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩១០ ដែលចំថ្ងៃកំណើតរបស់លោក William Smart ដែលជាឪពុក។
ដូចជាទិវាម្តាយផងដែរ ទិវាឪពុកបានក្លាយជាថ្ងៃសម្រាកដ៏សំខាន់មួយនៅសហរដ្ឋអាមេរិក ដោយកាលពីឆ្នាំ១៩៦៦ លោកប្រធានាធិបតី Lyndon Johnson បានប្រកាសរើសថ្ងៃអាទិត្យ សប្តាហ៍ទី៣នៃខែមិថុនា ជាទិវា «Father s Day» ហើយលោកប្រធានាធិបតី Richard Nixon ដាក់ទិវានេះចូលទៅក្នុងច្បាប់ជាធរមាន។
ទិវាឪពុកនេះ ក៏ជាឱកាសដ៏សំខាន់ក្នុងការធ្វើអាជីវកម្មផងដែរ ដោយពលរដ្ឋអាមេរិក និងពលរដ្ឋផ្សេងៗនៅលើពិភពលោក តែងតែចំណាយប្រាក់ជាច្រើនសន្ធឹកសន្ធាប់ដើម្បីទិញអំណោយគួរជាទីគាប់ចិត្តដល់ឪពុកជាទីស្រឡាញ់របស់ខ្លួន។
ផ្កាកូឡាបត្រូវបានចាត់ទុកជាផ្កាផ្លូវការសម្រាប់ទិវានេះ ដោយកូឡាបពណ៌ក្រហមសម្រាប់ឪពុកដែលនៅរស់រានមានជីវិត រីឯកូឡាបពណ៌សសម្រាប់ឧទ្ទិសដល់ឪពុកដែលបានលាចាកលោកទៅហើយ។
ក្រៅពីការផ្តល់កាដូ ជាសម្ភារៈ ការរៀបចំពិធីជប់លៀងផ្សេងៗ កូនប្រុសស្រីនៅលោកខាងលិច តែងតែនិយមសរសេរពាក្យពេចន៍ល្អៗដែលទាក់ទងនឹងគុណ រួមទាំងអនុស្សាវរីយ៍ផ្សេងៗជាមួយឪពុក។
បើតាមឯកសារមួយចំនួន ទិវានេះមានកំណើតយូរណាស់មកហើយ និង ត្រូវបានប្រារព្ធភាគច្រើននៅបណ្តាប្រទេសដែលកាន់សាសនាគ្រឹស្តកាតូលិក ពោលគឺចំថ្ងៃទី១៩ ខែមិនា នៃការប្រារព្ធទិវា « St Joseph s Day» ។ ប្រទេសមួយចំនួនបានប្រារព្ធតាមប្រវត្តិរបស់សហរដ្ឋអាមេរិក ប៉ុន្តែជាមួយគ្នានេះផងដែរ ប្រទេសមួយចំនួនទៀត ប្រារព្ធទិវានេះទៅតាមប្រវត្តិ និងពេលវេលាដែលបានកំណត់រៀងៗខ្លួនទៅវិញទេ៕
ស្រាវជ្រាវដោយ ចៅតាជេត