អន្តរជាតិ៖ លោកHeng Swee Keat ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី តាមរយៈវេទិកាស្តីពីផែនការស្តាប្រទេសឡើងវិញនៅថ្ងៃ២០មិថុនាម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋាភិបាលសិង្ហបុរី បានត្រៀមអនុវត្តផែនការសកម្មភាពអាទិភាពចំនួនបី ដែលរដ្ឋាភិបាលយល់ថាសំខាន់ និងចាំបាច់បំផុត ក្នុងការស្តាស្ថានភាពរបស់ប្រទេសទៅរកភាពដើម និងល្អប្រសើរឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរីToday Online។
លោកឧបនាយករដ្ឋមន្ត្រី បានអះអាងថា ដើម្បីទទួលភាពជោគជ័យពីការងើបចេញពីវិបត្តិ Covid-19 សិង្ហបុរី ត្រូវតែសម្រួចគោលនយោបាយរបស់ខ្លួនឆ្ពោះទៅកាន់សេដ្ឋកិច្ចសកលតាមរយៈការរៀបចំឡើងវិញលើការផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ចរបស់ខ្លួន។ ដោយកិច្ចការអាទិភាពទាំងបី ដែលរដ្ឋាភិបាលសិង្ហបុរី ត្រូវធ្វើនោះរួមមានធ្វើឲ្យកាន់តែសកម្មលើលំហូរសេរីនៃទំនិញ និងសេវាកម្ម, វិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ និងសម្រួចការប្រកួតប្រជែងលើវិស័យស្រាវជ្រាវ និងនវានុវត្តន៍។
សម្រាប់កិច្ចការអាទិភាពទី១ លោក Heng Swee Keat ដែលត្រូវបានគេស្គាល់ថាជាអ្នកបន្តវេនជំនាន់ក្រោយបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីLee Hsein Loong នោះបានពន្យល់ថា សិង្ហបុរី នឹងខិតខំស្វែងរកមធ្យោបាយឲ្យកាន់តែសម្បូរបែបដើម្បីសម្រួលដល់លំហូរសេរីនៃទំនិញសេវាកម្ម មូលធននិងទិន្នន័យផ្សេងៗជាដើម។ ក្នុងនោះ ក៏បន្តបើកចំហរប្រទេសសម្រាប់ទទួលវិនិយោគ និងពាណិជ្ជកម្មក៏ស្ថិតនៅក្នុងចំណែកនេះដែរ។
រីឯកិច្ចការអាទិភាពទី២វិញ មូលហេតុដែលសិង្ហបុរីត្រូវផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនោះគឺដើម្បីធ្វើឲ្យសិង្ហបុរី អាចតភ្ជាប់ជាមួយនឹងពិភពលោក ក៏ដូចជាធ្វើឲ្យការធ្វើដំណើរនៅក្នុងប្រទេសិង្ហបុរីកាន់តែឆាប់រហ័ស ងាយស្រួល និងជាកន្លែងដ៏ស្រស់ស្អាតពោរពេញដោយធម្មជាតិបៃតង។ ចំណុចនេះ មិនត្រឹមតែធ្វើឲ្យប្រជាជនក្នុងស្រុករស់នៅប្រកបដោយសុខមាលភាពប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែក៏ជួយទាក់ទាញវិនិយោគទៅកាន់សិង្ហបុរីកាន់តែច្រើនទៀតផង។
ការស្រាវជ្រាវ និងបង្កើតគំនិតច្នៃប្រឌិតថ្មី គឺជាការងារអាទិភាពទីបី ដែលសិង្ហបុរីត្រូវយកចិត្តទុកដាក់។ បើតាមការគូសបញ្ជាក់របស់លោកHeng Swee Keat រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាសម្រាប់ជ្រោមជ្រែងការងារស្រាវជ្រាវដើម្បីស្វែងរកដំណោះស្រាយថ្មី និងមានប្រសិទ្ធភាពបំផុត ដែលអាចយកទៅអនុវត្តក្នុងបញ្ហាប្រឈមរួមរបស់ពិភពលោក ក៏ដូចជាសិង្ហបុរីផ្ទាល់តែម្តង។
ជាមួយនឹងផែនការនេះ រដ្ឋាភិបាលនៃមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់មួយនេះ ក៏បានបង្កើតឲ្យមានយន្តការមួយចំនួនដើម្បីប្រមូលផ្តុំគ្រប់ភាគី និងមជ្ឈដ្ឋានពាក់ព័ន្ធរបស់ប្រទេស ក្នុងការពិគ្រោះយោបល់ស្វែងរកដំណោះស្រាយធ្វើឲ្យប្រទេសកាន់តែរឹងមាំលើគ្រប់វិស័យ៕ដោយ៖ស តារា