ព័ត៌មានទាន់ហេតុការណ៍៖

ចិនបានបញ្ជូនប្រព័ន្ធការពារដែនអាកាសចូលទៅកាន់ព្រំដែន ខណៈឥណ្ឌា​បង្កើត​អាវុធនៅទីនោះ

ចែករំលែក៖

រូបភាពដែលបានផ្សព្វផ្សាយបង្ហាញឲ្យឃើញថា ចិនបានបញ្ជូនប្រព័ន្ធការពារដែនអាកាសដ៏អាថ៌កំបាំង ទៅកាន់ព្រំដែន ជាប់ប្រទេសឥណ្ឌាដែលកំពុងតែមានវិវាទ។ សកម្មភាពខាងលើបង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំង​ពីសង្គ្រាមប្រដាប់អាវុធផ្ទុះឡើងរវាងប្រទេសទាំងពីរ​។
តាមសារព័ត៌មាន ​Datviet នៅថ្ងៃទី​២១មិថុនាបានផ្សាយថា ក្រុមអ្នកឯកទេសយោធា​បានលើកឡើងថា​ ប្រព័ន្ធការពារដែនអាកាស របស់ចិនជាកាំភ្លើងធំ ទំហ៊ំ២៥មីលីម៉ែត្រ ជាប្រភេទថ្មី ដែលកម្លាំងទាហានចិនកំពុងតែសាកល្បង។ កន្លងមកចិនបានខិតខំផលិតប្រព័ន្ធការពារដែនអាកាសទំនើបៗជាច្រើន។ ចាប់តាំងពីឆ្នាំ​១៩៩៩ មក ប្រព័ន្ធការពារដែនអាកាស PGZ-95 បានផលិតជាច្រើន​សម្រាប់បម្រើក្នុង​កងកម្លាំងថ្មើរជើង។
ពាក់ព័ន្ធអំពើហិង្សានៅព្រំដែនរវាងកម្លាំងទាហានប្រទេសទាំងពីរ នាពេលកន្លងមក នៅពេលនេះរដ្ឋមន្ត្រីឥណ្ឌា​បានបញ្ជាក់ថា ភាគីចិនមានទាហានដល់ទៅ​៤០នាក់ស្លាប់​។ ប៉ុន្តែចិនមិនទាន់មានការប្រកាសណាមួយស្តីពីទាហានរបស់ខ្លួនស្លាប់នោះឡើយ។
តាំងពីដំបូង ចិនមិនបាន ប្រកាសព័ត៌មានស្តីពីទាហាន ស្លាប់ឬរបួសក្នុងការប៉ះទង្គិចគ្នាជាមួយឥណ្ឌា​នៅតំបន់Galwanនោះឡើយ។ ចំណែកទាហានឥណ្ឌាវិញ មានដល់ទៅ​២០នាក់ស្លាប់ និង​៧៦នាក់រងរបួស​។
ស្ថានភាពវិវាទរវាងប្រទេសទាំងពីរកាន់តែតានតឹង ធ្វើឲ្យរុស្ស៊ីមិនអាចនៅស្ងៀមបានឡើយ​។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា រុស្ស៊ី នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជួយដោះស្រាយវិវាទទាំងអស់ ដោយមានតែរុស្ស៊ីប៉ុណ្ណោះ​ដែលមានទំនាក់ទំនងល្អទាំងជាមួយចិន និងឥណ្ឌា៕ដោយ៖ធី រីណា


ចែករំលែក៖