ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះថ្មី នៅស្រុកកណ្តាលស្ទឹង ខេតកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រុមហ៊ុន ដែលបានខិតខំសាងសង់ព្រលានយន្តហោះថ្មីនេះ, និងក៏បានថ្លែងកោតសរសើរដល់គណៈកម្មការសាងសង់ ដែលបានប្រឹងប្រែងសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗ ដើម្បីសម្រួលដល់ការសាងសង់។
ទោះជំងឺកូវីដ១៩ មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា រួមទាំងព្រលានយន្តហោះថ្មីផងដែរ។ សម្តេចបន្តថា៖ជំងឺកូវីដ១៩ ធ្វើឱ្យការរស់នៅរបស់មនុស្សជាតិជួបភាពមិនច្បាស់លាស់ តែភាពច្បាស់លាស់មួយ គឺជំងឺកូវីដ១៩ មិនអាចរំលាយភពផែនដីបានទេ ហើយកូវីដ១៩ មិនអាចសម្លាប់រាជរដ្ឋាភិបាលរបស់សម្តេចបាននោះទេ។
សម្តេចថ្លែងបន្តថា៖ ក្នុងនោះ នៅឆ្នាំ២០៣០ បើទោះបីសម្តេចមិនបន្តដឹកនាំប្រទេស តែសម្តេចក៏អាចអញ្ជើញជាភ្ញៀវក្នុងការសម្ពោធដំណាក់កាលទី២ របស់ព្រលានយន្តហោះថ្មីនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗទៅលើក្រុមជនរិះគន់ការទិញរថយន្តយោធា២៩០គ្រឿងនាពេលថ្មីៗនេះ ដោយសម្តេចបានហៅក្រុមនេះថា ជាជនតិរច្ឆាន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះ អាចនឹងធ្លាក់ចុះប្រមាណ -១.៩ភាគរយ ដែលជារឿងមិនធ្លាប់មានរយៈពេល២០ឆ្នាំកន្លងមកនេះ។ ប៉ុន្តែសម្តេចបានជួបជាមួយក្រុមហ៊ុនសាងសង់នានា នៅតែមានដំណើរការ នៅតែមានប្រជាពលរដ្ឋទិញលំនៅឋាន គ្រាន់តែមានការថមថយ។ បច្ចុប្បន្ននេះមិនទាន់មានក្រុមហ៊ុនណាប្រកាសក្ស័យធុនលើការវិនិយោគនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិថ្មីនៅក្នុងខេត្តកណ្តាល នៅតែដំណើរការជាធម្មតា ហើយអាចបញ្ចប់តាមការគ្រោងទុក ហើយសម្តេច ក៏បញ្ជាទៅអាជ្ញាធរខេត្តកណ្តាល និងតាកែវ ព្យាយាមជួយសម្របសម្រួលដោះស្រាយបញ្ហារបស់ក្រុមហ៊ុន និងប្រជាពលរដ្ឋ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រុមហ៊ុនជួយស្តារបឹងជើងលោងឱ្យកាន់តែជ្រៅ ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋ។ ខណៈបឹងជើងលោងនេះមិនត្រឹមតែដោះស្រាយបញ្ហាទឹកសម្រាប់ពលរដ្ឋប្រើប្រាស់នោះទេ តែក៏ជួយបញ្ចៀសជំនន់ទឹកព្រែកត្នោតផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី២៤ មិថុនា សម្តេចនឹងអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ប្រមាណ ៦០ម៉ឺនគ្រួសារ។ សម្តេចបញ្ជាក់ថា អ្នកដែលរង់ចាំឱ្យរាជរដ្ឋាភិបាលសម្តេចដួលរលំនោះ គឺកំពុងធ្លាក់ចូលក្នុងការវង្វេងទិសដៅហើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មាយាទរាជរដ្ឋាភិបាលរបស់សម្តេច គឺសន្សំលុយ ហើយមិនមែនសន្សំតែតួលេខទេ គឺសន្សំសាច់ប្រាក់។ បច្ចុប្បន្នរាជរដ្ឋាភិបាលសល់សាច់ប្រាក់ដល់ជាង ៣៥០០លានដុល្លារ។ យកតែចំណូលចរន្តទៅចំណាយលើចំណាយចរន្ត គឺគ្រប់គ្រាន់ហើយ មិនចាំបាច់ប្រើថវិកាសន្សំនោះទេ។ សូម្បីតែការទិញរថយន្តយោធា២៩០គ្រឿងនេះ មិនបានប្រើថវិកាជាតិសូម្បីមួយសេន៕
ដោយ៖សុខ ខេមរា