ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សមាគមអតីតយុទ្ធជនកម្ពុជា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនពិការ និងគ្រួសារយោធិនមរណ: ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១, លោកឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាប្រតិភូអមដំណើរ រួមទាំងលោកប្រធានក្រុមប្រឹក្សាស្រុក, អភិបាលរងស្រុក, មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ , មេឃុំ, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលជាអតីតយុទ្ធជន។
ចំពោះអំណោយមនុស្សធម៌នេះត្រូវបានប្រគល់ជូនអតីតយុទ្ធជនពិការ និងគ្រួសារយោធិនមរណ:ចំនួន២គ្រួសាររួមមាន៖
១-ប្រគល់ជូនលោកស្រី ណន វ៉ាន់ ជាគ្រួសារយោធិនមរណៈកាលពីឆ្នាំ២០០៤ ស្ថិតនៅក្នុងភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ។
២-ប្រគល់ជូនលោក ណន កុសល ជាជនពិការជើងកាលពីឆ្នាំ១៩៨៩ ជាអតីតយោធានៅអង្គភាពកងពលលេខ៤ ឈរជើងនៅផ្លូវលេខ៥៦ ព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្នរស់នៅក្នុងភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។
នាឱកាសនោះ គណៈអធិបតីរួមជាមួយនឹងអាជ្ញាធរស្រុក សប្បុរសជន បានផ្ដល់អំណោយជួយឧបត្ថម្ភបន្ថែមទៀតដោយនៅក្នុងនោះរួមមានថវិកា និងសម្ភារមានដូចជា៖ អង្ករ មី ត្រីខ ទឹកស៊ីអុីវ ទឹកត្រី ពូជមាន់ កូនឈើដែលជាដំណាំឈើហូបផ្លែមួយចំនួនផងដែរ ៕ដោយ៖ស សម