ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-ចិន នៅតែបន្តជួយគ្នាទៅវិញទៅមក ដើម្បីឆ្លងផុតការលំបាកនៃជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការរក្សាបានទំនាក់ទំនងល្អរវាងកម្ពុជា-ចិន គឺកើតចេញពីការជួយគ្នាទៅវិញទៅមក បើទោះបីជាប្រទេសទាំងពីរស្ថិតក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។ 

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា ការជួយគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា និឹងប្រទេសចិន នឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាបន្ថែមទៀតដោយគ្មានការឈប់ឈរ ខណៈដែលរដ្ឋាភិបាលប្រទេសទាំងពីរកំពុងប្រកៀកស្មាគ្នាក្នុងកិច្ចការពារទប់ស្កាត់មេរោគកូវិីដ-១៩។

    ថ្លែងនៅក្នុងកិច្ចជំនួបពិភាក្សាការងារ និងទទួលសម្ភារការពារមេរោគកូវិីដ-១៩ ជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នារសៀលថ្ងៃទី ២២ មិថុនានេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា តាងនាមឲ្យប្រជាជនខ្មែរ និងក្រសួងមហាផ្ទៃទាំងមូល សូមថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយដល់ប្រទេសកម្ពុជាជារៀងរហូតមក ហើយការជួយនេះគឺជាការបង្ហាញនូវភាពជាក់ស្តែងបន្ថែមទៀតនៃទំនាក់ទំនងដ៏ល្អបំផុតនេះ។

សម្តេចក្រឡាហោម បានថ្លែងបញ្ជាក់ថា សម្ភាររបស់ក្រសួងសន្តិសុខចិន ដែលបានជូនដល់ក្រសួងមហាផ្ទៃនាពេលនេះគឺពិតជាបញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់ ការគិតគូរមកដល់ប្រទេសកម្ពុជា ដែលជាមិត្តក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ សម្តេចក្រឡាហោម រំពឹងថា តាមរយៈស្មារតីនៃការជួយគ្នាទៅវិញទៅមកនេះនឹងរួមចំណែកធ្វើឲ្យកាន់តែរឹងមាំបន្ថែមទៀតតទៅអនាគតនៃស្ថាប័នប្រទេសទាំងពីរ ប្រជាជនទាំងពីរ និងរដ្ឋាភិបាលទាំងពីរផងដែរ។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ថា រដ្ឋាភិបាលចិន និឹងបង្កើនកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងល្អបន្ថែមទៀត ជាមួយប្រទេសកម្ពុជា បើទោះបីជារយៈពេលចុងក្រោយនេះប្រទេសទាំងពីរជួបនូវវិបត្តិកូវីដ-១៩ដូចគ្នាក៏ដោយនោះ។

   លោកបានលើកឡើងថា បើទោះបីជាជំនួយសម្រាប់ការពារមេរោគកូវីដ-១៩ ដែលបានផ្តល់ជូនដល់ក្រសួងមហាផ្ទៃនាពេលនេះមានតិចតួចក៏ពិតមែន ប៉ុន្តែវាស្តែងបញ្ជាក់អំពីទឹកចិត្តរបស់ប្រជាជន និងក្រសួងសន្តិសុខចិន។ 

ទន្ទឹមនិឹងនេះ លោកក៏បានបញ្ជាក់ប្រាប់សម្តេចក្រឡាហោមផងដែរថា រដ្ឋាភិបាលចិននៅតែបន្តជួយដល់កម្ពុជាជានិច្ច ខណៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបាននិងកំពុងល្អប្រសើរកាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំនោះ។

សូមបញ្ជាក់ថា ជំនួយឧបត្ថម្ភរបស់ក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន ផ្ដល់ជូនក្រសួងមហាផ្ទៃកម្ពុជា សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលនេះ សរុបជាទឹកប្រាក់ចំនួន ៦ សែនយន់ ឬ ស្មើនិឹងប្រមាណជា ៨ម៉ឺន ៥ពាន់ដុល្លារអាមេរិក៕ជ្រោយពេជ្រ


ចែករំលែក៖