ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងលេងចាស់ដៃហើយ ដោយរៀបចំឧបករណ៍បំពងសំឡេង តាមបណ្តោយព្រំដែន

ចែករំលែក៖

កូរ៉េខាងជើងបានដំឡើងឧបករណ៍បំពងសំឡេងតាមបណ្តោយព្រំដែនជាប់កូរ៉េខាងត្បូង ក្រោយពេលប្រទេសទាំងពីរបានសម្រេច ដកចេញពីទីនោះកាលពីឆ្នាំ​២០១៨ តាមកិច្ចព្រមព្រៀង ក្រោយជួបពិភាក្សាគ្នា ។
សារព័ត៌មាន យ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា កូរ៉េខាងជើងបានរៀបចំឧបករណ៍បំពងសំឡេងជាច្រើននៅតំបន់ព្រំដែនគ្មានយោធា​។ កាលពីឆ្នាំ​២០១៨ កូរ៉េខាងជើងបានដោះឧបករណ៍ទាំងនោះចំនួន​៤០កន្លែងចេញ ហើយឈប់ឃោសនាតាមកិច្ចព្រមព្រៀង ។
នៅពេលនេះដែរ មន្ត្រីជាន់ខ្ពស់ក្នុងជួរគណៈទីបញ្ជាការកម្លាំងទាហានកូរ៉េខាងត្បូងបានឲ្យដឹងថា​«យើងបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត​រាល់សកម្មភាពប្រែប្រួល​របស់កូរ៉េខាងជើង ក្នុងការធ្វើសង្គ្រាម ចិត្តសាស្ត្រ ។

កូរ៉េខាងត្បូង បានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីទប់ទល់រាល់ស្ថានភាពអាក្រក់ដែលអាចកើតឡើង។
នៅពេលនេះដែរកូរ៉េខាងជើងក៏បានត្រៀមបង្ហោះខិត្តប័ណ្ណ​១២លានសន្លឹកចូលទៅកាន់ទឹកដីកូរ៉េខាងត្បូងដើម្បីជាការសងសឹកទៅលើទីក្រុងសេអ៊ូល ដែលបំពានកិច្ចព្រមព្រៀង ទុកឲ្យពលរដ្ឋ​បង្ហោះប៉េងប៉ោង នាំអាហារមកកាន់កូរ៉េខាងជើង ។ ហេតុការណ៍នោះបានធ្វើឲ្យទីក្រុងព្យុងយ៉ាងសម្រេចបំផ្ទុះការិយាល័យទំនាក់ទំនងតែម្តង ៕ដោយ៖ធី រីណា


ចែករំលែក៖