ព័ត៌មានទាន់ហេតុការណ៍៖

ស្អែកព្រឹក..សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រកាសការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ-១៩ ប្រមាណ ៥៦២,៦៨៦ គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង ៨និង០០នាទី ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០ស្អែក អង្គភាព «នគរដ្រេហ្គន» នឹង Live បន្តពី Facebook page សម្តេច ពីវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រកាសការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា៖ យោងអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះ បានគូសបញ្ជាក់ថា គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលត្រូវទទួលបានប្រាក់ ឧបត្ថម្ភត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
មានបណ្ឌសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រ កម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និង- បានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ ក្នុងកំលុង ពេល ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។
ចំនួនទឹកប្រាក់ត្រូវផ្តល់ជូនក្នុងមួយខែចន្លោះពី១៦,០០០រៀល ទៅដល់ ១២ ម៉ឺនរៀល។
កម្រិតសាច់ប្រាក់ដែលត្រូវ ឧបត្ថម្ភនេះ ធ្វើឡើងតាមប្រភេទជនក្រីក្រ ក្នុង កម្រិត១ ឬកម្រិត២ ហើយក៏បែងចែកទៅតាមអ្នកនៅក្នុងរាជធានី និងជនបទផងដែរ។
តាមការបញ្ជាក់របស់លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក អគ្គនាយកផែនការ នៃក្រសួងផែនការ ដែលចុះផ្សាយ តាមបណ្តាញសារព័ត៌មានកន្លងមកនេះ គឺជំហ៊ានដំបូងនៃការស្រាវជ្រាវ បានរកឃើញប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ខ្លាំង មានចំនួនប្រមាណ ៥៦២,៦៨៦ គ្រួសារ ដោយគិតជាចំនួន មនុស្ស មានប្រមាណ ជិត ២លាន ៣ សែននាក់។
ទាក់ទងទៅនិងកិច្ចការងារនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា៖នៅថ្ងៃទី២៤ ខែមិថុនាខាងមុខនេះ រាជរដ្ឋាភិបាលនឹងបញ្ចេញថវិកាប្រមាណ២៥លាន ដុល្លារ សម្រាប់ផ្តល់ ជូនប្រជាពលរដ្ឋប្រមាណ ៦០ម៉ឺនគ្រួសារ៕ដោយ៖សិលា


ចែករំលែក៖