អន្តរជាតិ៖ កាលពីថ្មីៗនេះ ក្លិបហាត់ប្រាណមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Redondo Beach រដ្ឋកាលីហ្វ័រញ៉ា បានបើកដំណើរការឡើងវិញហើយ ដោយមានរៀបចំកន្លែងហាត់ដាច់ដោយឡែកពីគ្នា និងបទបញ្ជាថ្មី សម្រាប់ឲ្យអតិថិជនរបស់ខ្លួនអនុវត្តតាម ។ដោយខាងក្លិបហាត់ប្រាណ បានប្រើផ្លាស្ទិកវាំងននបន្ទប់ទឹក និងបំពង់ទីប សង់ចេញជាកន្លែងហាត់ដាច់ដោយឡែក ដែលមានទំហំសមល្មមក្នុងការធ្វើចលានាហាត់ប្រាណនានា។ ហើយក្នុងនោះដែរ ក៏មាននូវឧបករណ៍ហាត់ប្រាណដូចជាដុំដែកជាដើម និងកៅអីសម្រាប់អង្គុយមួយផងដែរ ។
លោក ភីទ សេបសិន ជាម្ចាស់ក្លិបហាត់ប្រាណ បានឲ្យដឹងដែរថា បើទោះបីជាក្លិបហាត់ប្រាណត្រូវបានអនុញ្ញាតឲ្យបើកដំណើរការវិញក៏ដោយលោកនៅតែបន្ដការបង្ហាត់បង្រៀនពីការហាត់ប្រាណតាមរយៈអនឡាញដដែល សម្រាប់អតិថិជនមួយចំនួនដែលមិនទាន់ហ៊ានឈានជើងចេញពីផ្ទះ។
ចំពោះអតិថិជន ដែលទៅហាត់នៅក្លិបផ្ទាល់ត្រូវអនុវត្តតាមបទបញ្ជាទាំងនេះដោយដំបូងឡើយ ពួកគេត្រូវរក្សាគម្លាតចម្ងាយប្រមាណ១.៨២ម៉ែត្រពីអ្នកដទៃ ខណៈពេលឈរ.រង់ចាំនៅខាងក្រៅ ទាំងដែលមានគំនូសសញ្ញាខ្វែងនៅលើដីស្រាប់។
បន្ទាប់មក អតិថិជន ត្រូវលាងសម្អាតដៃជាមួយនឹងជែល និងវាស់សីតុណ្ហភាពក្នុងខ្លួនជាមុនសិន មុនអនុញ្ញាតឲ្យចូលក្លិបហាត់ប្រាណ។ចំណែកនៅក្នុងកន្លែងហាត់ដាច់ដោយឡែកវិញ ខាងក្លិបហាត់ប្រាណ ក៏បានផ្ដល់ជូននូវម៉ាស់ពាក់ការពារ និងក្រណាត់សើមអនាម័យ ទុកសម្រាប់ជូនសម្អាតឧបករណ៍ហាត់ប្រាណ បន្ទាប់ពីកាន់រួចផងដែរ ។
គួរបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ–១៩មក បានធ្វើឲ្យភោជនីយដ្ឋាន ក្លិបហាត់ប្រាណ ឬកន្លែងធ្លាប់តែមានភាពអ៊ូអរផ្សេងៗទៀតត្រូវបានបិទទ្វារបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ជំងឺនេះ ៕ដោយ៖ស តារា