ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាជនប្រេស៊ីលមិនខ្វល់ពី COVID-19 ខណៈពួកគេសម្រុកទៅកម្សាន្ត នៅឆ្នេរសមុទ្រទីក្រុងរីយ៉ូ

ចែករំលែក៖

អន្តរជាតិ៖ បើទោះជាមានការព្រមានពីអាជ្ញាធរសុខាភិបាល និងអង្គការសុខភាពពិភពលោក WHO យ៉ាងណាក៏ដោយ ប្រជាជនប្រេស៊ីលជាច្រើនបានប្រមូលផ្ដុំគ្នាលេងកម្សាន្ត នៅឯតំបន់ឆ្នេរនៃទីក្រុង រីយ៉ូ (Rio de Janeiro) ដោយហាក់ដូចជាមិនខ្វល់ ឬភ័យខ្លាចទាល់តែសោះចំពោះការឆ្លងរាតត្បាត COVID-19 នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានCNA នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។

សូមជម្រាបថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ (ពេលវេលានៅប្រេស៊ីល) ប្រជាជនប្រេស៊ីលរាប់រយនាក់ បាននាំគ្នាហែលទឹកលេងនិងដេកហាលថ្ងៃនៅឆ្នេរសមុទ្រនៃទីក្រុង Rio ហើយភាគច្រើន ក្នុងចំណោមពួកគេមិនបានពាក់ម៉ាស និងមិនគោរពតាមការណែនាំរបស់អង្គការ WHO ក្នុងការអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាពនោះទេ។

បន្ថែមពីខាងលើនេះទៀត ទោះបីជាករណីឆ្លងនៅក្នុងទីក្រុង Rio នៅតែបន្តកើនឡើង រដ្ឋមន្ត្រីសុខាភិបាលថ្នាក់តំបន់គឺលោក ហ្វែណាន់ដូហ្វឺរី(Fernando Ferry) បានប្រកាសថា លោកនឹងលាលែងចេញពីតំណែងក្រោយទើបតែឡើងកាន់តំណែងបានប៉ុន្មានខែប៉ុណ្ណោះ។លោក Fernando Ferry បានប្រកាសនៅក្នុងវីដេអូមួយ ដែលត្រូវបានចេញផ្សាយតាមទូរទស្សន៍ប្រេស៊ីល TV Globo យ៉ាងខ្លីដូច្នេះថា «ខ្ញុំអាចត្រឹមនិយាយបានថា ខ្ញុំបានព្យាយាមគ្រប់គ្រាន់ហើយ»

បើតាម worldometers គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ប្រេស៊ីលមានអ្នកឆ្លងCOVID-19 សរុប .១លាននាក់ ក្នុងនោះស្លាប់ច្រើនជាង ៥ម៉ឺននាក់ និងជាសះស្បើយឡើងវិញ ៥៩៤,១០៤នាក់។ ប៉ុន្តែអង្គការសុខភាពពិភពលោក(WHO) បានព្រមានថា ចំនួនអ្នកឆ្លង និងស្លាប់អាចនឹងមានច្រើនជាងនេះព្រោះករណីថ្មីៗមិនទាន់ត្រូវបានរាប់បញ្ចូលនៅឡើយ សម្រាប់ប្រទេសធំជាងគេ នៅអាមេរិកឡាទីនមួយនេះ៕ដោយ៖ស តារា


ចែករំលែក៖