ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនឃាតករ៣នាក់បន្តបន្ទាប់ក្នុងករណីប្លន់សម្លាប់អ្នករត់ម៉ូតូឌុបនៅស្រុកមេសាងបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តព្រៃវែង៖ យោងតាមសេចក្តីរាយការណ៍ពីស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ បានប្រាប់នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះថា ករណីប្លន់សម្លាប់អ្នករត់ម៉ូតូឌុបនៅស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ កន្លងមកត្រូវបានកម្លាំងនគរបាលរបស់លោកបន្តស្រាវជ្រាវចាប់ខ្លួនបានបក្ខពួក២នាក់បន្តទៀតរួចបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «ក្រោយការសួរនាំជនដៃដល់ ដែលចាប់បានកាលពីម្សិលមិញនោះ កម្លាំងនគរបាលរបស់លោកបានសហការគ្នាទៅតាមយកបាន២នាក់ទៀតដែលជាបក្ខពួក ។

សូមបញ្ជាក់ថា ករណីប្លន់សម្លាប់អ្នករត់ម៉ូតូឌុបនៅស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ កន្លងមកត្រូវបានកម្លាំងនគរបាលបើកប្រតិបត្តិការសើបអង្កេតតាមចាប់ខ្លួនបាន នៅវេលាម៉ោង ២១៖១៥នាទីថ្ងៃទី២២ ខែមិថុនា និងត្រៀមបញ្ជូនទៅកាន់តុលាការកាត់ទោសតាមច្បាប់។

លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង ទទួលផែនព្រហ្មទណ្ឌបានប្រាប់អ្នកយកពត័មាន ថា ក្រោយពីទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ ស្នងការនគរបាលខេត្ត្តរួចមកលោកបានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកមេសាង សហការជាមួយកម្លាំងជំនាញនគរបាលខេត្ត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងប៉ុស្តិ៍នគរបាលស្រះចក បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។

សូមបញ្ជាក់ថាជនសង្ស័យមានឈ្មោះ បាន កាន អាយុ៣០ឆ្នាំ រស់នៅភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង បានប្លន់សម្លាប់ជនរងគ្រោះឈ្មោះ ភី ឃុន អាយុ៤៩ឆ្នាំ នៅភូមិព្រេជ ឃុំច្រេស ស្រុកមេសាង កាលពីយប់ម៉ោង ២៣៖៣៥នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង។

លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបន្តថា ពេលឃាត់ខ្លួន កម្លាំងជំនាញបានដកហូតវត្ថុតាងដែលជារបស់ជនរងគ្រោះម៉ូតូសេ១២៥ ពណ៌ខ្មៅ ១គ្រឿង និងទូរសព្ទ័ដៃម៉ាកណូគា ១គ្រឿង។

សូមបញ្ជាក់ថាសមត្ថកិច្ចបានឃាត់ខ្លួនជនដៃដល់បានជាបន្តបន្ទាប់ទាំងបីនាក់៕ដោយ៖អរុណរះ


ចែករំលែក៖