ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អុិត សំហេង បានថ្លែងជំរុញដល់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងកម្លាំងមានសមត្ថកិច្ច មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត បន្តដោះស្រាយនូវអ្វីដែលជាបញ្ហានៃការទាមទាររបស់កម្មករនិយោជិតឱ្យមានប្រសិទ្ធភាព។ការថ្លែងជំរុញខាងលើនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។
កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយផែនការស្តីពីការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (២០២០-២០២៤) និងបទបញ្ជាលេខ ០១ បប ស្តីពីការអនុវត្តផែនការស្តីពីការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (២០២០-២០២៤) ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។
ក្នុងនាមជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) លោកបណ្ឌិតអុិត សំហេង ក៏បានស្នើដល់គណៈបញ្ជាការឯកភាព និងគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម រាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ត្រូវមានផែនការអនុវត្តក្នុងភូមិសាស្រ្តរបស់ខ្លួន។ រាល់ករណីកូដកម្ម បាតុកម្មដែលកើតឡើងនៅតាមភូមិសាស្រ្តណាមួយ គណៈបញ្ជាការឯកភាព និងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញានោះត្រូវទទួលខុសត្រូវដឹកនាំបញ្ជាដោះស្រាយរាល់ករណីជាក់ស្តែងនីមួយៗ ត្រូវខិតខំដោះស្រាយឱ្យអស់ពីលទ្ធភាព ជាពិសេសត្រូវក្តាប់នូវមូលហេតុនៃបញ្ហា ភស្តុតាង និងមុខសញ្ញាជនឱកាសនិយមដែលញុះញង់ឬធ្វើសកម្មភាពខុសច្បាប់ ។ ត្រូវខិតខំការពារសន្តិសុខសុវត្ថិភាពជូនសហជីពបងប្អូនកម្មករនិយោជិតដែលធ្វើកូដកម្ម បាតុកម្មស្របច្បាប់ ក្នុងករណីមានអំពើហិង្សាត្រូវចាត់វិធានការតាមនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានជំរុញឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចុះជួបជាប្រចាំជាមួយកម្មករនិយោជិតនៅតាមតំបន់ផ្ទះជួល ឬទីស្នាក់នៅរបស់កម្មករនិយោជិត ដើម្បីក្តាប់ឱ្យបាននូវស្មារតី ស្ថានភាពរស់នៅ បញ្ហាថ្លៃបន្ទប់ ថ្លៃអគ្គិសនី ថ្លៃទឹកស្អាត និងសំណូមពររបស់កម្មករនិយោជិត ព្រមទាំងពិនិត្យហានិភ័យនានាដែលអាចកើតមានចំពោះកម្មករនិយោជិតនៅក្នុងតំបន់ភូមិសាស្ត្ររបស់ខ្លួន។
ផ្តល់លេខទូរស័ព្ទទំនាក់ទំនងរបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្នុងករណីកម្មករនិយោជិតត្រូវការប្រើប្រាស់សេវាផ្នែកច្បាប់ ៕ដោយ៖ ហេង សូរិយា