ព័ត៌មានទាន់ហេតុការណ៍៖

ប្រសើណាស់! គីម ជុងអ៊ុន ចេញបញ្ជាផ្អាករាល់សកម្មភាពយោធាប្រឆាំងកូរ៉េខាងត្បូង

ចែករំលែក៖

ក្នុងពេលដែលកូរ៉េទាំងពីរកំពុងប្រឈមមុខតានតឹងបំផុតនៅក្នុងតំបន់ព្រំដែន មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការបក្សពលករកូរ៉េខាងជើង​ ហើយបានសម្រេច​ផ្អាករាល់សកម្មភាពយោធាប្រឆាំងកូរ៉េខាងត្បូង ។
សារព័ត៌មានជាតិកូរ៉េខាងជើង ​KCNA ​នៅថ្ងៃទី​២៣ ខែមិថុនា បានផ្សាយថា គណៈកម្មការយោធាកណ្តាលនៃគណបក្សពលករកូរ៉េខាងជើង ​បានក្តាប់នូវស្ថានភាពបច្ចុប្បន្ន​នៅតាមបណ្តោយព្រំដែន ហើយបញ្ជាឲ្យផ្អាករាល់សកម្មភាពយោធាជាមួយកូរ៉េខាងត្បូង។ ប៉ុន្តែសារព័ត៌មានខាងលើមិនបាន​លម្អិតពីការផ្អាករាល់សកម្មភាពយោធានោះឡើយ។
ភាពតានតឹងរវាងកូរ៉េខាងជើងនិងខាងត្បូងកាន់តែតានតឹង​ក្រោយពេលកូរ៉េខាងជើង​ប្រឆាំង​នឹងក្រុមជនជាតិកូរ៉េខាងជើងដែលបានភៀសខ្លួនចូលទៅកាន់កូរ៉េខាងត្បូង បានបង្ហោះខិត្តប័ណ្ណឆ្លងព្រំដែនប្រឆាំងនឹងកូរ៉េខាងជើង។
កាលពីសប្តាហ៍កន្លងមក កូរ៉េខាងជើង បានបំផ្ទុះការិយាល័យទំនាក់ទំនងឧបទ្វីប​ នឹងបញ្ចប់រាល់ទំនាក់ទំនង​ចរចាជាមួយកូរ៉េខាងត្បូង ។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើង បានបញ្ជូនកម្លាំងយោធា និងដាក់ឧបករណ៍ បំពងសំឡេង​នៅតាមព្រំដែនទៀតផង ។ ជាមួយគ្នា​នេះ​ ទីក្រុងព្យុងយ៉ាងក៏បានត្រៀមបង្ហោះខិត្តប័ណ្ណ១២លានសន្លឹកប្រឆាំងកូរ៉េខាងត្បូង ។
ប៉ុន្តែក្រោយការសម្រេចរបស់មេដឹកនាំ គីម ជុងអ៊ុន រាល់សកម្មភាពទាំងឡាយត្រូវបានផ្អាក ។ ទាំងនេះជាសញ្ញាល្អបំផុត​សម្រាប់កូរ៉េទាំង​ពីរ ហើយសកម្មភាពកន្លងមក មិនមែនជាទង្វើរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងនោះឡើយ​គឺជាក្រុមជ្រុលនិយម​ដែលប្រឆាំងកូរ៉េខាងជើងតែប៉ុណ្ណោះ។ រដ្ឋាភិបាលទីក្រុងសេអ៊ូលក៏បានចាត់ការទៅលើក្រុមដែលបំផ្លាញទំនាក់ទំនងផងដែរ៕

ដោយ៖ធី រីណា


ចែករំលែក៖