ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ុម សារឿន ៖ ពលរដ្ឋខេត្តស្ទឹងត្រែង ៨០ភាគរយ ពឹងផ្អែកលើវិស័យកសិកម្ម

ចែករំលែក៖

ភ្នំពេញ៖ បើតាមលោក ម៉ុម សារឿន  អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា៖ ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ គឺសម្រេចបានផ្ទៃដីដាំស្រែ និងចម្ការមានចំនួន ២៨ ០០០ ហិកតា និងផ្ទៃដីដាំដំណាំកសិឧស្សាហកម្មមានជាង៥៥ ០០០ហិកតា។

លោកអភិបាល បន្តថា ៖កសិឧស្សាហកម្មនៅខេត្តភាគឦសានមួយនេះ រួមមានកៅស៊ូ ២ម៉ឺនហិកតា ស្វាយចន្ទី ២ម៉ឺនហិកតា ស្វាយកែវល្មៀត ៣ពាន់ហិកតា ចេកអំបូងលឿង ៨០០ហិកតា ដំឡូងមី ១.២ម៉ឺនហិកតា ព្រមទាំងដំណាំ ម្នាស់ ល្ង និងសណ្ដែកសៀងមួយចំនួនទៀត។

លោកអភិបាលខេត្តស្ទឹងត្រែង មានគូលបញ្ជាក់ថា៖ ខេត្តស្ទឹងត្រែង មានទីតាំងស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា និងមានចម្ងាយ ៤៥៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ត របស់ខេត្តស្ទឹងត្រែង» នៅទីស្ដីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៣ ខែមិថុនាថា លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា៖ ពលរដ្ឋប្រមាណ៨០ភាគរយនៅក្នុងខេត្តនេះ ពឹងផ្អែកលើរបរកសិកម្ម។

ក្រៅពីធ្វើស្រែចម្ការខេត្តស្ទឹងត្រែង ក៏មានសក្តានុពលខ្ពស់នៃមច្ឆាជាតិដែរ ដោយសារតែខេត្តនេះមានទន្លេដល់ទៅ៤ ហូរកាត់ មានទន្លេមេគង្គ ទន្លេសេកុង ទន្លេសាន និងទន្លេស្រែពក។ នេះបើតាមលោក ម៉ុមសារឿន   ដែលបន្តបញ្ជាក់ថា ទន្លេទាំងនេះ គឺជាប្រភពធនធានធម្មជាតិសម្បូរបែប ប្រភពទឹកប្រើប្រាស់ដើម្បីធ្វើកសិកម្ម ជាមូលដ្ឋានតំបន់អេកូទេសចរណ៍ ជាទីជម្រកសម្រាប់ការពងកូនរបស់ត្រីមេពូជ ជាតំបន់ផ្ដល់ជីវិតនៃប្រព័ន្ធជីវៈចម្រុះ និងជាអាងស្តុកនូវធនធានមច្ឆាជាតិ។ ជាមធ្យមផលនេសាទនៅក្នុងខេត្តស្ទឹងត្រែង មានប្រមាណ ៥ពាន់តោនក្នុងមួយឆ្នាំៗ៕សហការី


ចែករំលែក៖