ភ្នំពេញ ៖ ចំពោះសេដ្ឋកិច្ច គេច្រើនបង្កើតជាទ្រឹស្តីថា៖ ការធ្វើ ជំនួញ គឺជាសុបិន្តរបស់ បុគ្គលស្ទើរគ្រប់រូបនៅលើពិភពលោក។ អ្នកខ្លះបង្កើតជំនួញរួចហើយ ទទួលបាន ជោគជ័យ ។ តែអ្នកខ្លះទៀតបង្កើតរួចហើយ ក៏ ដួលបះជើងទៅវិញ ។ តើមានហេតុផល អ្វីខ្លះនៅពីក្រោយភាពជោគជ័យ ឬបរាជ័យ នោះ ?
គេហទំព័រក្នុងស្រុកមួយបានសរសេរពីបញ្ហាជំនួញ សំដៅករណីនៅក្នុងប្រទេសកម្ពុជា គេសង្កេតឃើញជំនួញមួយចំនួនធំបើកទ្វារ បានមួយរយៈ ហើយក៏បិទទ្វារទៅវិញ ។ « បើកបិទ បើកបិទ » ។ អ្នកបើកចេះតែបើក រីឯអ្នកបិទក៏ចេះតែ បិទជាបន្តបន្ទាប់ ។
គេហទំព័រនោះបានលើកហេតុផលថា៖ ដោយមិននិយាយពីកត្តា ដែលនាំឲ្យ ជោគជ័យ , មានហេតុផល ជាច្រើននៅ ពីក្រោយ ភាពបរាជ័យក្នុងជំនួញ ។ ជាក់ស្តែងតួលេខខ្លះ , ជាលក្ខណៈ សកលលោក , បង្ហាញថា , ក្រោយការបើក ធ្វើអាជីវកម្ម , ជំនួញតែ ១០% ប៉ុណ្ណោះ ដែល ទទួលភាពជោគជ័យ រីឯ៩០% ផ្សេងទៀត ប្រឈមនឹងការបរាជ័យ ។
គេហទំព័រដដែលបានដកស្រង់គំនិតអ្នកជំនួញមកបកស្រាយទៀតថា៖ ការបរាជ័យ អាចបណ្តាលមកពីចំណុចផ្សេងៗ ជាច្រើន ដូចជាកង្វះខាតដើមទុន , ខ្វះ ទិន្នន័យទីផ្សារ , ជម្លោះក្នុងចំណោម ភាគហ៊ុននិក , ចំណុចខ្វះខាតក្នុងការ គ្រប់គ្រង , ខ្វះធនធានមនុស្ស បម្រើការ , ការប្រកួតប្រជែង ស្រួចស្រាលខ្លាំងពេក , ទីតាំង ឬពេលវេលាមិនសមស្របសម្រាប់ ជំនួញមួយចំនួន ។ ល ។ នេះគឺជា អ្វីដែល កើតឡើងជាលក្ខណៈសកល និងទូទៅ ។
ប៉ុន្តែករណីនៅក្នុង ប្រទេសកម្ពុជាចំណុច មួយ ដែលគេមើលរំលង ហើយវាជំរុញឲ្យ ជំនួញមួយចំនួន ដួលបះជើងដែរនោះ គឺនីតិ វិធី នៃការជួលទីតាំងធ្វើជំនួញ ។
នៅក្នុងប្រទេសកម្ពុជា ការជួលទីតាំងមិនទាន់មានគោលការណ៍ត្រឹមត្រូវ ដែល ចងដោយច្បាប់រឹងមាំឡើយ ពោលគឺ ភាគច្រើនការជួល ទីតាំងធ្វើឡើងរវាងម្ចាស់ ទីតាំង និងអ្នកជំនួញ ( អ្នកជួល )តែប៉ុណ្ណោះ ។ កិច្ចសន្យាធ្វើឡើងស្របទៅតាម ការព្រមព្រៀង រវាងបុគ្គលទាំងពីរខាងលើ ។ គេហទំព័រនេះ បានលើកពីផ្លូវច្បាប់ ពាណិជ្ជកម្មមកនិយាយថា៖ ប្រសិនបើការព្រមព្រៀង ( កិច្ចសន្យា ) ធ្វើឡើងល្អ សមរម្យ ទាំងរយៈពេល ទាំងតម្លៃ បញ្ហាមិន ងាយនឹងកើតឡើងឡើយ ចំពោះអាជីវកម្ម ។ ប៉ុន្តែបើកិច្ចសន្យានោះធ្វើឡើងក្នុង រយៈពេល ខ្លីតម្លៃជួលថ្លៃ ហើយម្ចាស់ទីតាំង អាចដំឡើងថ្លៃបានស្រេចតែ នឹងចិត្តនោះ ពេលនោះ អាជីវកម្ម ប្រឈមនឹងហានិភ័យ ខ្ពស់ ។ ករណីនេះកើតឡើងច្រើនណាស់ នៅកម្ពុជា ហើយ វាជាហេតុផលមួយ ក្នុងចំណោមហេតុផល ដ៏ទៃទៀតដែល ជំរុញឲ្យអាជីវកម្មមួយចំនួនបរាជ័យ ។
ម្ចាស់ទីតាំងខ្លះគ្រាន់តែឃើញអ្នកជំនួញ រកបានចំណូលកើនឡើងបន្តិច ពួកគេ ចាប់ផ្តើមចង់ដំឡើងថ្លៃស្រេច តែនឹងចិត្ត ភ្លាម ។ បើមិនឲ្យដំឡើង ពួកគេចង់ដកយក ទីតាំងមកវិញភ្លាម ។
គេហទំព័រនេះបានលើកនូវគំនិតផ្លូវច្បាប់ និងអ្វីដែលធ្លាប់កើតមានមកបន្តថា៖ អាជីវកម្ម មួយចំនួនស្ថិតនៅក្នុងគំនាបរបស់ម្ចាស់ ទីតាំង ។ ម្ចាស់ទីតាំងខ្លះដកយក ទីតាំងពីអ្នក ជួលមកវិញ រួចហើយបើកអាជីវកម្មដូចម្ចាស់ មុនដែរ ។ ម្ចាស់ទីតាំងមួយចំនួននៅកម្ពុជា មិនចង់ធ្វើកិច្ចសន្យារយៈពេលវែងទេ ពួកគេ ចង់ធ្វើតែកិច្ចសន្យារយៈពេលខ្លី ។ ហេតុផល គឺងាយស្រួល ក្នុងការ ដំឡើងថ្លៃ ឬដក ទីតាំងយកមកវិញ ។
រីឯនៅក្នុងប្រទេសអឺរ៉ុបមួយចំនួនវិញ ការជួល ទីតាំងធ្វើជំនួញ ស្ថិតនៅក្រោមច្បាប់ ឬកិច្ចសន្យាពាណិជ្ជកម្ម ដ៏តឹងរ៉ឺងមួយ ដែលការពារទាំងអ្នកជួល និងម្ចាស់ទីតាំង ។ ករណីនៅក្នុងប្រទេសបារាំង ការជួលទីតាំង ជំនួញ ត្រូវបាន គេកំណត់ រយៈពេល ៩ ឆ្នាំ ហើយ ក្នុង រយៈពេល ៣ ឆ្នាំ ម្តង ម្ចាស់ ទីតាំង មាន សិទ្ធិ ដំឡើងថ្លៃ ឈ្នួល ដោយ ផ្អែកលើ សកម្មភាព សេដ្ឋកិច្ច ទូទៅ ល្អ ឬ មិនល្អ ។ ពេលខ្លះ ក្នុង តំបន់ ខ្លះ ថ្លៃឈ្នួល មិនអាច ដំឡើង បានឡើយ ព្រោះ សកម្មភាព សេដ្ឋកិច្ច ក្នុង តំបន់ នោះ មិនល្អ ។ មិនមែន ម្ចាស់ ទីតាំង ជា អ្នក ដំឡើងថ្លៃ ស្រេច តែ នឹង ចិត្ត នោះទេ ។ អ្នកវាយតម្លៃ ដំឡើងថ្លៃ ឈ្នួល ឬ មិន ដំឡើង គឺ វិទ្យាស្ថាន ស្ថិតិ និង សេដ្ឋកិច្ច បារាំង ។ បើ អាច ដំឡើងថ្លៃ គឺ ដំឡើង បានតែ ១០% ប៉ុណ្ណោះ ដោយ ស្របទៅតាម ស្ថានភាព សេដ្ឋកិច្ច ហើយ ការ ដំ ឡើ ថ្លៃ នេះ ធ្វើឡើង ក្នុង រយៈពេល ៣ ឆ្នាំ ម្តង ។
គេហទំព័រនេះបន្តលើកពីកម្ពុជាផងដែរថា៖ ត្រឡប់មកនិយាយ ពីប្រទេសកម្ពុជាវិញ តើ គេគួរមាន « គតិយុត្តិ » ចេញដោយស្ថាប័ន ពាក់ព័ន្ធជាផ្លូវការដើម្បីការពារ ទាំងអ្នកជួល និងម្ចាស់ទីតាំង ឬទេ ដើម្បីធ្វើយ៉ាងណាឲ្យ ជំនួញ រីកចម្រើនទៅមុខក្នុងន័យ លើកតម្កើងសេដ្ឋកិច្ចជាតិទាំងមូល ?
ការលើកឡើងខាងលើជាចំណុចពិសេសបំផុតដើម្បីធ្វើឱ្យកិច្ចសន្យា ការពារ ទាំងអ្នកជួល និងម្ចាស់ទីតាំង ជោគជ័យដូចគ្នា៕
ដោយ៖សហការី