ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន​រដ្ឋ​ចិន​ ប្រកាស​លើ​បណ្តាញ​សង្គម Weibo ថា ខ្លួន យល់ព្រម​សាកល្បង​វ៉ាក់សាំង​កូ​រ៉ូ​ណាវី​រុស ក្នុងដំណាក់កាល​៣ នៅ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម

ចែករំលែក៖

អន្តរជាតិ៖ នាថ្ងៃទី២៣ ខែមិថុនាម្សិលមិញនេះ ក្រុមហ៊ុនរដ្ឋចិន​China National Biotec Group (CNBG) បានប្រកាសនៅលើបណ្តាញសង្គមWeibo ថា ខ្លួនបានទទួលការយល់ព្រមលើការសាកល្បងវ៉ាក់សាំងកូរ៉ូណាវីរុស ក្នុងដំណាក់កាល នៅអេមីរ៉ាអារ៉ាប់រួម ដោយក្រសួងសុខាភិបាលនិងបង្ការជំងឺឆ្លងអេមីរ៉ាអារ៉ាប់រួម ប៉ុន្តែក្រុមហ៊ុននេះ មិនបានបញ្ជាក់ពីឈ្មោះវ៉ាក់សាំង ដែលត្រូវធ្វើតេស្តឡើយ

គួរបញ្ជាក់ថា កន្លងមកក្រុមហ៊ុន CNBG ដែលជាសាខាមួយរបស់ក្រុមហ៊ុនរដ្ឋ China National Pharmaceutical Group (Sinopharm) ក៏បានអភិវឌ្ឍវ៉ាក់សាំងចំនួនពីរប្រភេទផ្សេងទៀតផងដែរ ហើយវ៉ាក់សាំងទាំងនោះត្រូវបានសាកល្បងលើមនុស្សចំនួន ២០០០នាក់នៅចិន

ក្រៅពីក្រុមហ៊ុន​CNBG ក៏នៅមានក្រុមហ៊ុនចិនផ្សេងទៀត ស្វែងរកប្រទេសដទៃ ដើម្បីធ្វើតេស្តវ៉ាក់សាំង COVID-19 ផងដែរ តួយ៉ាងដូចជា ក្រុមហ៊ុនClover Biopharmaceuticals ដែលបានផ្តល់វ៉ាក់សាំងមួយចំនួន ដើម្បីធ្វើតេស្តលើ អ្នកចូលរួមនៅអូស្ត្រាលី និងក្រុមហ៊ុនSinovac Biotech ដែលត្រូវគេរំពឹងថាចាប់ផ្តើមធ្វើតេស្តដំណាក់កាល នៅប្រេស៊ី ដែលមានអ្នកស្មគ្រ័ចិត្តរហូតដល់ ៩០០០នាក់

សូមជម្រាបថា ប្រទេសចិន គឺជាប្រទេសដែលផ្ទុះកូរ៉ូណាវីរុសដំបូងគេបំផុតប៉ុន្តែប្រទេសនេះ ក៏បានព្យាបាលអ្នកជំងឺ​COVID-19 ស្ទើរតែជាសះស្បើយទាំងអស់ផងដែរ ដោយសារតែបញ្ហាខ្វះអ្នកជំងឺកូរ៉ូណាវីរុស ដើម្បីធ្វើតេស្តលើវ៉ាក់សាំង ចិន បានស្វែងរកអ្នកជំងឺនៅក្នុងប្រទេសផ្សេងទៀតផងដែរ

បច្ចុប្បន្នការធ្វើតេស្តវ៉ាក់សាំង COVID-19 ត្រូវបានគេធ្វើឡើងនៅក្នុងប្រទេសជាច្រើន ដូចជា៖ អាមេរិក អូស្ត្រាលី អាល្លឺម៉ង់ជាដើម ប៉ុន្តែគ្មានប្រទេសណាមួយ ទទួលបានជោគជ័យលើការសាកល្បងវ៉ាក់សាំងការពារកូរ៉ូណាវីរុសក្នុងដំណាក់កាលនៅឡើយទេ៕ដោយ៖ស តារា


ចែករំលែក៖