រដ្ឋាភិបាលជប៉ុនបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្រោយពេល ចិនបានដាក់ឈ្មោះប្រជុំកោះដែលមានវិវាទ ដែលជប៉ុនហៅថាកោះ សែនកាគូ ចំណែកចិនហៅថាកោះដាវយូ។ នៅពេលនេះចិនបានដាក់ឈ្មោះកោះតូចៗមានទាំងកោះលិចទឹកចំនួន៥០ ស្ថិតនៅក្នុងប្រជុំកោះដាវយូ។
សារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សាយថា ចិនបានប្រកាសបញ្ជីឈ្មោះកោះដែលមានវិវាទជាមួយជប៉ុន ហើយចិនបានប្រកាសថាប្រជុំកោះទាំងនោះស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ចិន។
លោកYoshihide Suga ប្រធានការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនបានឲ្យដឹងថា «ការដាក់ឈ្មោះកោះនៅតំបន់មានវិវាទមិនបានធ្វើឲ្យផ្លាស់ប្តូរការណ៍ពិតបានឡើយដោយកោះទាំងនោះជារបស់ជប៉ុន»។
ការដាក់ឈ្មោះកោះខាងលើរបស់ចិន កើតឡើងក្រោយពេលរដ្ឋាភិបាលទីក្រុងIshiaki ស្ថិតនៅក្នុងខេត្តអូគីណាវ៉ា បានសម្រេចប្តូរឈ្មោះស្រុកកោះTonoshiro ដែលជាស្ថាប័នគ្រប់គ្រងប្រជុំកោះSenkaku ទៅជាខណ្ឌកោះTonoshiro Senkaku ហើយឈ្មោះនេះនឹងត្រូវប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។
ប្រជុំកោះ Senkaku មានកោះតូចៗជាច្រើន គ្មានមនុស្សរស់នៅ ស្ថិតនៅលើដែនសមុទ្រចិនខាងកើត មានផ្ទៃដីប្រមាណ៧គីឡូម៉ែត្រក្រឡា ៕ដោយ៖ធី រីណា