យោងតាមអតីតកីឡាករជើងចាស់លោក Kaka បានឱ្យដឹងថា Neymarនឹងក្លាយជាអ្នកប្រជែងឈានមុខគេសម្រាប់ពានរង្វាន់ Ballon d’Or ប្រសិនបើកីឡាកររូបនេះជួយក្រុម Paris Saint-Germain ឈ្នះពានរង្វាន់ Champions League រដូវកាលនេះ ។
ក្លឹប PSG មិនបានប្រកួតប្រជែងចាប់តាំងពីខែមីនាដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ហើយត្រូវបានលីគកំពូលបារាំងប្រកាសថា ជាម្ចាស់ជើងឯក Ligue 1 នៅពេលរដូវកាលនេះ ដោយលីគកំពូលមួយនេះបានប្រកាសរំសាយរាល់ការប្រកួតដែលនៅសល់។ ដូច្នេះក្រុមរបស់លោកThomas Tuchel នឹងមានពេលវេលាច្រើនដើម្បីហ្វឹកហាត់ដើម្បីត្រៀមប្រកួតក្របខ័ណ្ឌ Champions League ដែលបានរៀបចំប្រកួតឡើងវិញក្នុងរយៈពេល៦សប្តាហ៍ទៀត ។
ខ្សែប្រយុទ្ធ Neymar បានស៊ុតបាល់បញ្ចូលទីទាំងពីរជើងនៃការជម្រុះជាមួយក្រុម Borussia Dortmund វគ្គ១៦ក្រុមចុងក្រោយមុនពេលរដូវកាលត្រូវបានផ្អាក ។
អតីតតារាឆ្នើមរបស់ក្លឹបReal Madrid និងក្រុម AC Milan លោក Kakaគិតថា ការលើកទឹកចិត្តដល់ក្រុម PSG ក្នុងការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ជាលើកដំបូងរបស់ពួកគេនឹងធ្វើឱ្យ Neymar ស្ថិតនៅក្នុងបញ្ជីសម្រាប់ការទទួលពានរង្វាន់ដ៏ធំ Ballon d’Or មួយនេះ។
នៅពេលត្រូវបានសួរថា តើប្រេស៊ីលមានបេក្ខជនណាម្នាក់សម្រាប់ពានរង្វាន់ Ballon d’Or លោក Kaka បានប្រាប់សារព័ត៌មាន GloboEsporte ថា “ទីមួយគឺ Neymar ដែលជាកីឡាករនាំមុខគេ” ។ លោក Kaka បន្តថា “ខ្ញុំជឿជាក់ថា Neymar គឺជាកីឡាករឆ្នើមម្នាក់នៅថ្ងៃនេះ។ គាត់ឈ្នះពានរង្វាន់នឹងអាស្រ័យលើសមទ្ធិផលក្រុមដែលគាត់ជាសមាជិកកំពុងលេង”។
លោក Kaka បានបន្ថែមថា “ឥឡូវយើងក្រឡេកមើលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ខ្សែប្រយុទ្ធ Neymar គឺជាតួឯកសំខាន់របស់ក្រុម Paris Saint-Germain។ Neymar សមនឹងទទួលបានពានរង្វាន់ Ballon d’Or សម្រាប់កីឡាករឆ្នើមបំផុតនៅលើពិភពលោក ប្រសិនជាគាត់ជួយក្រុមគាត់លើកពាន”។
លោក Kaka ធ្លាប់បានឈ្នះពានរង្វាន់ Ballon d’Or ក្នុងឆ្នាំ២០០៧ និងជាកីឡាករចុងក្រោយដែលមិនបានដាក់ឈ្មោះកីឡាករ Cristiano Ronaldo ឬ Lionel Messi ដើម្បីទទួលបានពានរង្វាន់ រហូតដល់ខ្សែបម្រើសញ្ជាតិក្រូអាត Luka Modric ទទួលបានពានមួយនេះនៅឆ្នាំ២០១៨ ។
សូមបញ្ជាក់ថា ការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែសីហា។ ដោយសារតែការរឹតត្បិតការធ្វើដំណើរអន្តរជាតិការប្រកួតក្លឹបចំនួន៨ចុងក្រោយនៃទ្វីបអឺរ៉ុបនឹងធ្វើដំណើរទៅកាន់ទីក្រុង Lisbon សម្រាប់ការប្រកួតតែមួយជើងប៉ុណ្ណោះគឺគ្មានការប្រកួតក្នុងទឹកដី និងការប្រកួតក្រៅទឹកដីទេ ដែលត្រូវបានលេងក្នុងរយៈពេល១២ថ្ងៃដើម្បីបញ្ចប់រដូវកាលនេះ ៕ដោយ៖ភារៈ