ព័ត៌មានទាន់ហេតុការណ៍៖

នារីរូបស្រស់ម្នាក់បានស្លាប់​ រីឯមិត្តប្រុសរងរបួសធ្ងន់​ ក្រោយពីត្រូវរថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹងនៅខណ្ឌបឹងកេងកង

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង​ បានបេីកបុកម៉ូតូCPX មួយគ្រឿង​ទៀត បណ្ដាលឲ្យនារីរូបស្រស់ម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម​ និងបុរសម្នាក់ជាសង្សាររងរបួសធ្ងន់​ រួចបេីករថយន្តគេចបាត់​ភ្លាមៗ​ ដោយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១រំលងអាធ្រាត្រ​ ឈាន​ចូលថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ១៤៣​ កែងផ្លូវ៣១០​ ក្នុងសង្កាត់បឹងកេងកង៣​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។

​ សពនារីជនរងគ្រោះ​ មានឈ្មោះ​ គ្រី​ សុដាឡែន​ អាយុ១៨ឆ្នាំ រៀនថ្នាក់១២ នៅវិទ្យាល័យទួលទំពូង ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ និងមានស្រុកកំណើតនៅឯខេត្តបាត់ដំបង ។ រីឯបុរសដែលរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនោះទេ​ ដោយអ្នកទាំង២បានធ្វេីដំណេីររួមគ្នាជិះម៉ូតូមួយគ្រឿងម៉ាកPCX ពណ៌ស​ ពាក់ស្លាកលេខ​ ព្រះសីហនុ​ 1I -7873 ។

​ យោងតាមសាក្សីពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានឲ្យដឹងថា​ មុនកេីតហេតុគេឃេីញម៉ូតូមួយគ្រឿងម៉ាក​ PCX ពណ៌ស​ ធ្វេីដំណេីរដោយបុរសម្នាក់​ និងនារីម្នាក់​ តាមបណ្ដោយផ្លូវ៣១០​ ទិសដៅពីកេីតទៅលិច​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក​ គ្រាន់តែដឹងថាពណ៌ខ្មៅ​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ១៤៣​ ទិសដៅពីជេីងទៅត្បូង​ ក្នុងល្បឿនយ៉ាងលឿន​ ហេីយក៏បុកម៉ូតូចំពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យម៉ូតូអូសជាង៥០ម៉ែត្រ​ និងធ្វេីឲ្យបុរសម្នាក់ជាអ្នកឌុបរងរបួសធ្ងន់​ និងនារីម្នាក់រួមដំណេីរជាមួយគ្នាបានស្លាប់យ៉ាងអាណោចអាធ័ម ។

​ ក្រោយកេីតហេតុភ្លាមៗ​ រថយន្តបង្កបានព្យាយាមបេីកគេចខ្លួនបាត់ស្រមោល​តែម្ដង​ ។ រីឯបុរសរងរគ្រោះដែលរបួសធ្ងន់បានប្រាប់អ្នកព័ត៌មានបន្តិចថា​ នារីរងគ្រោះគឺជាសង្សារ​ រួចក៏ឡេីងរថយន្តសាមុយទៅសង្គ្រោះតែម្ដង​ ។

​ បន្ទាប់មក​ សមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ខណ្ឌបានចុះមកដល់​ ហេីយធ្វេីការវាស់វែង​យកម៉ូតូជនរងគ្រោះទៅរក្សាទុក​ និងធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕​ ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖