ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះរកឃើញអ្នកកើតជំងឺកូវីដ-១៩ថ្មី ចំនួន៩នាក់ថ្មី ជាការនាំចូលពីឥណ្ឌូណេស៊ី ក្នុងនោះខ្មែរ៨នាក់ ជនជាតិឥណ្ឌូនេស៊ីម្នាក់និងអ្នកជំងឺម្នាក់បានជាសះស្បើយ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន៩នាក់ថ្មីទៀត ក្នុងនោះជនជាតិខ្មែរ៨នាក់ និងជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលធ្វើដំណើរពីប្រទេសឥណ្ឌូណេស៊ីត្រឡប់មកកម្ពុជា។ ដោយអ្នកជំងឺទាំង៩នាក់នោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ហៅពេទ្យរុស្ស៊ី) ។

ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នករកឃើញមានជំងឺកូវីដទាំង៩នាក់ថ្មីនេះ ក្នុងចំណោមអ្នកដំណើរសរុបចំនួន៤០នាក់ ដែលបាន ធ្វើដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកពីប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។

អ្នកដំណើរចំនួន៣១នាក់ ដែលបានធ្វើដំណើរតាមជើងយន្តហោះជាមួយអ្នកមានវិជ្ជមានកូវីដ-១៩ ត្រូវបន្តស្នាក់នៅក្នុងមជ្ឈមណ្ឌលចត្តាឡីស័ក មូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង និងសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ដើម្បីតាមដានសុខភាព និងស្រាវជ្រាវរកមេរោគកូវីដ-១៩ ជាបន្តទៀត។

ដោយឡែកនៅថ្ងៃនេះ ក៏មានអ្នកជំងឺកូវីដ-១៩ម្នាក់ បានជាសះស្បើយផងដែរ ដោយទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក និងត្រូវបានអនុញ្ញាតិចេញពីមន្ទីរពេទ្យរុស្ស៊ី។ អ្នកជាសះស្បើយជាបុរសជនជាតិខ្មែរ សញ្ជាតិអាមេរិក ដែលត្រឡប់មកពីសហរដ្ឋអាមេរិក។

គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៩នាក់។ ក្នុងនោះ ១២៩នាក់ បានព្យាបាលជាសះស្បើយ ខណៈ១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនិងគ្មានអ្នកបាត់បង់ជីវិតឡើយ ៕ដោយ៖ស តារា


ចែករំលែក៖