ខេត្តពោធិ៍សាត់៖ ជនជាតិចិនម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាព បានតែបន្តិចគ្រាដែលជនរងគ្រោះកំពុងអង្គុយលើកៅអីសុខៗ ស្រាប់តែទន់ដៃទន់ជើង ធ្លាក់ពីលើកៅអីសន្លប់ស្ដូកស្ដឹង ។
ហេតុការណ៍ខាងលើបានកើតឡើង នៅវេលាម៉ោង៥ និង៤៥នាទី ល្ងាចថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចអគារជនជាតិចិនស្នាក់នៅ ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងប្រាប់ថា ជនរងគ្រោះឈ្មោះ លី ជីងមូ(Li JINGMOU) ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិចិន មុខរបរចុងភៅ(ធ្វើនំប៉ាវ) បច្ចុប្បន្ន ស្នាក់ភូមិ.ឃុំកើតហេតុ ខាងលើ។ ផ្អែកតាមការពិនិត្យកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចឃើញជនរងគ្រោះអង្គុយលើកៅអីសុខៗស្រាប់តែទន់ដៃទន់ជើង ធ្លាក់ពីលើកៅអីសន្លប់ស្ដូកស្ដឹង។ ភ្លាមៗនោះបុគ្គលិកធ្វើការជាមួយបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពថ្មដា ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ទើបនាំគ្នាដឹកសពបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ។
លោក អធិការនគរបាលស្រុកបន្តទៀតថា បច្ចុប្បន្នទីតាំងកើតហេតុមួយនេះកំពុងត្រូវបានសមត្ថកិច្ចហ៊ុំព័ទ្ធជាបណ្ណោះអាសន្ន រង់ចាំទទួលបទបញ្ជាពីថ្នាក់លើ និងស្ថាប័នជំនាញពាក់ព័ន្ធមកពិនិត្យនិងស្រាវជ្រាវរកមូលហេតុ បន្ទាប់មានការសង្ស័យជាបណ្តោះអាសន្នថា ជនរងគ្រោះអាចស្លាប់ដោយគាំងបេះដូងជំងឺខ្យល់គរ ៕ដោយ៖ប៉ឹម ពិន