ខេត្តបាត់ដំបង៖ បាតុភូតធម្មជាតិបណ្តាលឲ្យមានភ្លៀងនិងខ្យល់កន្ត្រាក់នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បណ្តាលឲ្យខូចខាតផ្ទះមួយខ្នង ផ្ទះធ្វើអំពីឈើ ប្រក់ស័ង្កសី ទំហំ ៨មx៧ម រងការខូចខាតស័ង្កសីចំនួន៤០សន្លឹក ប្រវែង៣ម៉ែត្រ ផ្លានចំនួន១៥ដើម ប្រវែង៣ម៉ែត្រ ខូចផ្ទាំងខ្មែរសូឡាមួយបន្ទះ ព្រមទាំងរន្ទះបាញ់សម្លាប់មេគោ២ក្បាល នៅក្នុង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅចង្ហូរស្វាយបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ផន សុខហ៊ាង ភេទស្រី អាយុ២៦ឆ្នាំ រស់នៅចំណុចបឹងធ្នង់ ភូមិបុសខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ បានរងដោយបាក់រលំផ្ទះមួយខ្នងមានទំហំដូចរៀបរាប់ខាងលើទាំងស្រុង ។ រីឯម្ចាស់គោរងគ្រោះមានឈ្មោះ ឈឿង ផន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិចង្ហូរស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវរន្ទះបាញ់សម្លាប់មេគោពីរក្បាលដែលចងឲ្យស៊ីស្មៅនៅក្រោមដើមឈើ តាមវាលស្រែ ។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ មានភ្លៀងនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំងមកលើឃុំខាងលើ ធ្វើឲ្យប៉ើងដំបូលផ្ទះមួយខ្នងនេះទាំងស្រុង ដែលផ្ទះនេះ ធ្វើអំពីឈើ ប្រក់ស័ង្កសី ទំហំ ៨មx៧ម ដោយ ខូចខាត សង្ក័សីចំនួន៤០សន្លឹក ប្រវែង៣ម៉ែត្រ ផ្លានចំនួន១៥ដើម ប្រវែង៣ម៉ែត្រ ផ្ទាំងសូឡាមួយបន្ទះ។ ដោយឡែកមេគោពីរក្បាលរបស់ឈ្មោះ ឈឿង ផន ត្រូវរន្ទះបាញ់ បណ្តាលឲ្យងាប់នៅក្បែរដើមឈើ ពេលចងឲ្យស៊ីស្មៅគួរឲ្យសោកស្តាយជាទីបំផុត ៕ដោយ៖ ប្រាថ្នា