ខេត្តកំពង់ឆ្នាំង ៖ យុវជនឈាមរាវម្នាក់ដោយសារខឹងនឹងម្តាយប្រើទៅបេះផ្លែត្រប់នៅចំពោះមុខមិត្តភក្តិ បានរត់ទៅផឹកថ្នាំបាញ់ម្ទេសប៉ងសម្លាប់ខ្លួនឯងនៅមាត់ច្រាំងទន្លេ ។ ករណីដែលយុវជនឈាមរាវយកថ្នាំពុលមកផឹកនេះកើតឡើងនៅវេលាម៉ោង៧នឹង៣០នាទីយប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នៅចំណុចភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះអគ្គី ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។
យុវជនចិត្តខ្លាំងឈាមរាវខឹងម្តាយប្រើបេះផ្លែត្រប់ខាងលើនេះមានឈ្មោះ រ៉ង ផាឡោះ អាយុ២២ឆ្នាំ រស់នៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ ។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុយុវជនរូបនេះត្រូវម្តាយបង្កើតប្រើ អោយទៅជាមួយអ្នកភូមិ ដើម្បីជួយបេះត្រប់ នៅចំការខណៈដែលយុវជនរងគ្រោះខាងលើកំពុងអង្គុយផឹកស៊ី ជុំគ្នាជាមួយមិត្តភក្តិស្រាប់តែមិនដឹងយ៉ាងម៉េចបានខឹងច្រឡោតរត់ទៅទាញដបថ្នាំបាញ់ម្ទេសចំណុះ១លីត្រ ចុះទៅមាត់ទន្លេចាក់ថ្នាំផឹក អស់។
សេចក្តីរាយការណ៍បានបន្តថា ដោយបាត់យុវជនខាងលើមិនឃើញឡើងមកវិញ ក្រុមគ្រួសារសាច់ញាតិនាំគ្នាចុះទៅកំពង់ទឹកទន្លេក៏ឃើញយុវជនដេកស្តូកស្តឹងមិនកម្រើក ហើយក៏មិនឃើញមានដបថ្នាំនៅក្បែរខ្លួនដែរ ក៏នាំគ្នាលើកយកមកផ្ទះ ដោយស្ថានភាពមិនស្រួលក៏ដឹកតាមការណូតយកមកមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះ ។
ខណះបញ្ជូនមកដល់ក្រុមគ្រូពេទ្យដែលកំពុងជួយសង្គ្រោះបានឱ្យដឹងថា ស្ថានភាពយុវជន ផឹកថ្នាំខាងលើជួបការលំបាកក្នុងការជួយសង្គ្រោះ ព្រោះផឹកថ្នាំយូរពេក ទម្រាំមកដល់មន្ទីរពេទ្យ ។ ប៉ុន្តែនៅអាចជួយសង្គ្រោះបានគ្រាន់តែប្រើពេលវេលាយូប៉ុណ្ណោះ ។
ករណីនេះចាត់ទុកសំណាងហើយដែលក្រុមគ្រួសារយកមកពេទ្យទាន់ពេលបើមិនដូច្នេះទេប្រាកដជាស្លាប់លែងបានឃើញពន្លឺថ្ងៃរហូតហើយ៕ដោយ៖អរុណរះ