ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះចុះចាប់ឈើ៣០កំណាត់នៅក្បែរប៉ុស្តិ៍ភូមិឡុំនិងភ្នំក្រហម

ចែករំលែក៖

ខេត្តរតនគិរី៖ សមត្ថកិច្ចចម្រុះសហការជាមួយកម្លាំងស្នាក់ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត, មន្ត្រីឧទ្យានុរក្សឧទ្យានជាតិអូរយ៉ាដាវ, កម្លាំងវរការពារព្រំដែនលេខ៦២៣, កម្លាំងនគរបាលស្រុកអូរយ៉ាដាវ និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវបានចុះបង្ក្ត្រាបចាប់ឈើចម្រុះចំនួន៣០កំណាត់ប្រគល់ឱ្យរដ្ឋបាលព្រៃឈើចាត់ការបន្ត។

ការចុះបង្ក្រាបនេះកម្លាំងសមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោង៦៖១៥នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នៅចំណុចក្បែរប៉ុស្តិ៍ច្រករបៀងភូមិឡុំ ស្ថិតក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

លោកឧត្តមសេនីយ៍ត្រីនូវ ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឱ្យដឹងថា ប្រតិបត្តិការនេះមានការចង្អុលបង្ហាញពីលោកថង សាវុនអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោកងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីផងដែរ។

លោកបន្តថា មធ្យោបាយដឹកជញ្ជូនឈើមានម៉ូតូហើយត្រូវបានពួកគេជិះគេចខ្លួនបាត់អស់ទៅមុនពេលកម្លាំងសមត្ថកិច្ចទៅដល់ ដោយបន្សល់ទុកវត្ថុតាងម៉ូតូ១គ្រឿងតែប៉ុណ្ណោះនិងឈើមួយចំនួន។ឈើខាងលើដែលត្រូវរឹបអូសនោះមិនទាន់ដឹងចំនួនម៉ែត្រគូបនៅឡើយទេគឺជាឈើចម្រុះ៣០កំណាត់និងម៉ូតូ១គ្រឿងនាំយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ និងធ្វើការស្រាវជ្រាវស្វែងរកម្ចាស់ឱ្យចូលខ្លួនមកធ្វើការពិន័យតាមច្បាប់ព្រៃឈើបន្ត។

តាមប្រភពបង្ហើបថា ថៅកែឈើនោះមានទីលំនៅក្នុងក្រុងបានលុងហើយបានជួលម៉ូតូខាងលើពីភូមិញ៉ាង ស្រុកអណ្តូងមាសមកស៊ីឈ្នួលដឹកឈើចេញពីភូមិសាស្ត្រភូមិសំ, ភូមិបាដលក្បែរឧទ្យានអូរយ៉ាដាវដឹកឆ្ពោះទៅប្រទេសវៀតណាមតាមច្រករបៀងប៉ុស្តិ៍ភូមិឡុំនិងប៉ុស្តិ៍ភ្នំក្រហមស្ថិតក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវខេត្តរតនគិរី៕ដោយ៖ ជីវ័ន្ត


ចែករំលែក៖