ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឆ្លងកូវីដ-១៩ កើនឡើងកាន់តែច្រើន ឥណ្ឌាត្រៀមប្រើប្រាស់មន្ទីរពេទ្យ​បណ្តោះអាសន្នធំជាង​ពហុកីឡដ្ឋានដល់ទៅ​២២ដង

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah និង អភិបាលទីក្រុងញូវដេលី​លោក Delhi Arvind Kejriwal នៅថ្ងៃទី ២៨ ខែមិថុនា បានទៅត្រួតពិនិត្យ​មជ្ឈមណ្ឌល ព្យាបាលជំងឺកូវីដ-១៩ បណ្តោះអាសន្ន​ Sardar Patel ដែលមានគ្រែពេទ្យព្យាបាលដល់ទៅ​១ម៉ឺនគ្រែ បានសាងសង់ឡើងនៅតំបន់Chhatarpurទីក្រុង Delhi។
មជ្ឈមណ្ឌុលព្យាបាលកូវីដ​-១៩ Sardar Patel ជាទីតាំងព្យាបាល​ជំងឺកូវីដ​-១៩ធំបំផុតនៅលើពិភពលោក ។ ពេលនេះ មានគ្រែពេទ្យ​ចំនួន​២ពាន់បានត្រៀមរួចរាល់ដើម្បី​ទទួលអ្នកជំងឺ​។
តាមសារព័ត៌មាន​Hindustan Times បានផ្សាយថា រដ្ឋាភិបាលទីក្រុង ញូវដេលី​ បានផ្តល់សិទ្ធិឲ្យអង្គការក្រៅរដ្ឋាភិបាល Radha Soami Satsang Beas ជាអ្នកសាងសង់មជ្ឈមណ្ឌលខាងលើ​ ដែលមានទំហំធំជាង​ពហុកីឡដ្ឋានដល់ទៅ​២២​ដង​។ ទីតាំងនោះ សម្រាប់ព្យាបាលអ្នកជំងឺ​កូវីដ​-១៩​កម្រិតស្រាលនិងមធ្យម​។
ក្រៅពីនេះ​រដ្ឋាភិបាលទីក្រុងញូវដេលី បានបង្កើនចំនួនគ្រែពេទ្យ​នៅមន្ទីរពេទ្យបណ្តោះអាសន្ន​នៅសណ្ឋាគារចំនួន​៤០​ និងអគារសម្រាប់ពិធីជប់លៀង​៧៧កន្លែង​ អាចដាក់គ្រែពេទ្យបានដល់ទៅ​១៥.៨០០គ្រែ។
មិនតែប៉ុណ្ណោះ សូម្បីតែទូរថភ្លើង​ចំនួន​៥០​ក៏ត្រូវធ្វើជាទីតាំងសម្រាប់ព្យាបាលកូវីដ​-១៩ផងដែរ​។
នៅថ្ងៃទី​២៨ ខែមិថុនា ឥណ្ឌាមានអ្នកឆ្លងកូវីដ​-១៩​ ដល់ទៅ ១៩.៩០៦ នាក់ ក្នុងរយៈពេល​២៤ម៉ោង​ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅឥណ្ឌាកើនឡើងដល់ទៅ៥២៨.៨៥៩នាក់ ក្នុងនោះមានអ្នកស្លាប់១៦.០៩៥ នាក់ ៕ដោយ៖ធី រីណា


ចែករំលែក៖