ភ្នំពេញ៖ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ អាយប៉ា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន (AIPACODD) បានបើកកិច្ចប្រជុំរួមគ្នា តាមរយៈប្រព័ន្ធ Video Conference ពីរដ្ឋសភាវៀតណាម នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។
ភាគីរដ្ឋសភាកម្ពុជា ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំខាងលើ ដឹកនាំដោយ លោក ហ៊ូ ស្រ៊ី សមាជិកក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា និងជាអនុប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា អមដោយ លោក លោកស្រី ជាសមាជិក សមាជិកា ផ្សេងទៀត រួមមាន លោកស្រី អ៊ុន សុគន្ធា សមាជិកាក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា និងជាលេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា លោក យឹម លាត សមាជិកក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា និងជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហរិញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ព្រមទាំងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា៕ដោយ៖សិលា