ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានអ្នកជិតខាងប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលលេខ១៦ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ វ៉ាត សាវុទ្ធ អាយុ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើតនៅភូមិព្រាលទី២ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ មានឡានដឹកសំរាមចូលមកយកសំរាមនៅចំណុចផ្ទះជួលខាងលើ តែទើសនឹងម៉ូតូកង់បីរបស់ជនរងគ្រោះ ដែលចតទុកមុខបន្ទប់ផ្ទះជួលក្បែរនោះ។ ឃើញដូច្នេះមានអ្នកក្បែរខាងរត់ទៅតាមហៅជនរងគ្រោះដើម្បីឲ្យយកម៉ូតូកង់បីចេញ តែហៅមិនងើបសោះ ក៏ចូលទៅមើលស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ឡើង។
ជនរងគ្រោះឆ្លងកាត់ការពិនិត្យធ្វើ កោសល្យវិច័យឃើញថាស្លាប់ដោយជំងឺគាំងបេះដូង រួចទំនាក់ទំនងទៅក្រុមគ្រួសារឱ្យមកដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕
ដោយ៖សុខាសែនជ័យ