ព័ត៌មានទាន់ហេតុការណ៍៖

ទូតកម្ពុជានៅម៉ាឡេស៉ី អំពាវនាវពលរដ្ឋខ្មែរកំពុងនៅម៉ាឡេស៉ី ត្រៀមទិញសំបុត្រយន្តហោះ ដើម្បីហោះហើរមកកម្ពុជាវិញ នៅថ្ងៃទី៣ខែកក្កដាខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរយៈហ្វេសប៊ុកផ្លូវការរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅម៉ាឡេស៉ី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៉ី ឲ្យត្រៀមទិញសំបុត្រយន្តហោះ ព្រោះថានឹងមានជើងហោះហើរពីម៉ាឡេស៉ីមកកម្ពុជា នៅថ្ងៃទី០៣ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។ ដោយជើងហោះហើរនោះ មានលេខMH754 ដែលជាយន្តហោះពាណិជ្ជកម្មMalaysian Airlines ហើយនេះគឺជាជើងយន្តហោះពាណិជ្ជកម្មធម្មតា មិនមែនជាជើងយន្តហោះពាណិជ្ជកម្មពិសេសដូចកន្លងមកទេ។

ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៉ី ក៏បានផ្តាំផ្ញើពលរដ្ឋខ្មែរថា៖មុននឹងទិញសំបុត្រ ឬបានទិញរួចហើយ ត្រូវតែប្រាកដលក្ខខណ្ឌ២ រួមមានដូចខាងក្រោម៖

១៖ ត្រូវមានលិខិតឆ្លងដែនមានសុពលភាព។ បើលិខិតឆ្លងអស់សុពលភាព(passport ងាប់) ត្រូវទាក់ទង ឬមកស្ថានទូត ដើម្បីទទួលបានការពន្យល់ណែនាំ។

២៖ លិខិតឆ្លងដែនត្រូវមានទិដ្ឋាការ (visa) ត្រឹមត្រូវ ឬទិដ្ឋាការនោះអស់សុពលភាព (visa ងាប់) គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ប្រសិនបើ visa អស់សុពលភាពមុនថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ត្រូវទៅដោះស្រាយជាមួយអន្តោប្រវេសន៍ម៉ាឡេស៉ី ឲ្យបានរួចរាល់ជាមុនសិន។

ក្នុងករណីមានគ្រប់លក្ខខណ្ឌខាងលើសូមទិញសំបុត្រ Online ដោយផ្ទាល់នៅលើគេហទំព័ររបស់ក្រុមហ៊ុន Malaysian Airlines ហើយអាចសាកសួរព័ត៌មានបន្ថែមដោយ What sApp ទៅកាន់លេខទូរសព្ទ+60122605359

ស្ថានទូតគូសបញ្ជាក់ថា៖ «សូមកុំជឿតាមការឃោសនារបស់ពួកមេខ្យល់ដែលធានាទិញសំបុត្រឱ្យបងប្អូនត្រឡប់ទៅវិញ ប្រសិនបើមិនមានគ្រប់លក្ខខណ្ឌខាងលើ ពីព្រោះកន្លងមកមានបងប្អូនខ្លះបានចាញ់បោកមេខ្យល់ខាតបង់លុយកាក់ជាច្រើន ប៉ុន្តែពុំអាចត្រឡប់ទៅវិញបាន»

សូមជម្រាបថា គិតចាប់ពីផ្ទុះជំងឺកូវីដ-១៩ មានជើងហោះហើរពីម៉ាឡេស៉ីមកកម្ពុជា ទើបតែបាន ២លើកប៉ុណ្ណោះ រួមមាន៖ លើកទី១៖ កាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន២០៤នាក់។ និងលើកទី២៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរចំនួន១៥៨នាក់៕ដោយ៖ស តារា


ចែករំលែក៖