កាលពីព្រេងនាយ មានមនុស្សម្នាក់ ឈ្មោះគង់ មានប្រពន្ធពីរ ។ មួយឈ្មោះអាងអាំ មួយឈ្មោះនាងគំ ។ ថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយ ។ តាមផ្លូវនៅស្រុកនោះ មានខ្លាសាហាវ ។ អ្នកគង់បណ្ដើរប្រពន្ធទាំងពីរនាក់ ទៅដល់ព្រៃធំមួយ ជិតស្រុកគេ, ព្រៃនោះតែងមានខ្លាដេញខាំមនុស្សក្របីគោ ស៊ីតែរឿយៗ ។ លុះអ្នកគង់ទៅដល់កន្លែងនោះ ខ្លាក៏ស្ទុះដេញ ស្រែកសន្ធាប់ពីចម្ងាយមក ។ អ្នកគង់រត់ចូលរូងឈើ ញ័រដៃញ័រជើង រាគនោមព្រោះភ័យណាស់ ។ នាងអាំនិងនាងគំ ខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅ ។
ឯអ្នកគង់ ឃើញប្រពន្ធវាយខ្លាស្លាប់ហើយ បានស្ទុះម្នីម្នាចេញពីរូងឈើមក យកដំបងវាយខ្លាស្លាប់ស្រាប់នោះថែមទៀត ។ ប្រពន្ធទាំងពីរបន្ទោសប្ដីថា «ខ្លាគេវាយងាប់ហើយ ធ្វើជាមកវាយថែមទៀត ប្រុសអីកំសាកញីដូច្នេះ » ។ អ្នកគង់ជេរបំពានទៅប្រពន្ធថា «មិនដែលមានស្រីណាវាយខ្លាស្លាប់ទេមានតែប្រុស ទើបហ៊ានវាយខ្លាទាល់តែស្លាប់» ហើយអ្នកគង់ក៏បានបោចវល្លិចងខ្លានោះ នាំប្រពន្ធសែងចូលទៅក្នុងស្រុក ។ អស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមក គេបបួលគ្នាទៅមើលពាសពេញ ហើយគេសួរថា «ឯងធ្វើដូចម្ដេចបានជាបានខ្លានេះ ត្បិតខ្លានេះសាហាវណាស់ វាតែងតែខាំមនុស្សម្នាក្របីគោ ស៊ីច្រើនណាស់ហើយ» ។ ប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថា «អ្នកគង់គាត់ឃើញខ្លាវាបោលមក គាត់រត់ចូលក្នុងរូងឈើ ខ្ញុំពីរនាក់ជាស្រីៗព្រួតគ្នាវាយខ្លាទាល់តែស្លាប់» ។ អ្នកគង់ឮប្រពន្ធនិយាយប្រាប់គេដូច្នោះ ក៏បញ្ចោររំលោភទៅលើប្រពន្ធថា «មិនដែលមានស្រីណាខ្លាំងពូកែ ហ៊ានវាយខ្លាស្លាប់ទេ មានតែប្រុសទើបខ្លាំងពូកែ ហ៊ានវាយខ្លាឲ្យស្លាប់បាន» ។ អ្នកគង់ក៏អួតប្រាប់អ្នកស្រុកថា «កាលដែលខ្លាវាស្ទុះមកនឹងខាំដូច្នេះ ខ្ញុំដាក់ស្នៀតគុនដូច្នេះ បានជាវាយវាបាន» ហើយអ្នកគង់ធ្វើជាលោតគុនវាយខ្លា ឲ្យអ្នកស្រុកមើល ។ ឯអស់អ្នកស្រុកកោតខ្លាចអ្នកគង់រាល់គ្នា ហើយឲ្យឈ្មោះថា « គង់ហ៊ាន» តាំងពីថ្ងៃនោះមក ឮល្បីឈ្មោះគង់ហ៊ាន ជាអ្នកពូកែ ចេះគុនវាយខ្លាស្លាប់ ។ រឿងនេះជ្រាបដល់ស្ដេចៗ ក៏ឲ្យយកទៅចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្គ្រាម ។
លុះយូរបន្តិចទៅ ចួនជាមានសឹកគេលើកមកច្បាំងយកនគរ ស្ដេចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំង ។ គង់ហ៊ាន ឮស្ដេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកដូច្នោះ ភ័យណាស់ពុំដឹងបើគិតដូចម្ដេច នឹងមិនទៅច្បាំងមិនបាន ត្បិតស្ដេចទ្រង់ប្រើហើយ ហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផង ត្រឡប់មកវិញ ដេកសន្ធឹកសន្ធៃអត់បាយ ។ ប្រពន្ធទាំងពីរនាក់ចូលទៅសួរថា ម្ដេចបានជាអ្នកដេកអត់បាយដូច្នេះ មានបើហេតុភេទអ្វី ប្រការដូចម្ដេច ? ។ គង់ហ៊ានប្រាប់ថា ត្បិតស្ដេចទ្រង់ប្រើបងឲ្យទៅច្បាំងសឹក ឥឡូវនេះ បងខ្លាចសឹកនោះណាស់ មិនដឹងបើគិតដូចម្ដេចទេ ប្រពន្ធឆ្លើយឡើងថា អ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់ អ្នកក្រោកឡើង ពិសាបាយឲ្យឆ្អែត ងូតទឹកឲ្យស្រួលខ្លួនចុះ ។ គង់ហ៊ានឮប្រពន្ធលួងលោមដូច្នោះ បានធូរក្នុងចិត្ត ក្រោកឡើងងូតទឹក ស៊ីបាយ រៀបគ្រឿងប្រដាប់ទៅច្បាំង, លុះរៀបរួចហើយដល់បានពេលាល្អ ក៏ចូលទៅក្រាបបង្គំលាស្ដេចចេញទៅច្បាំង, យកទាំងប្រពន្ធទៅផង ។ គង់ហ៊ានជិះខាងក្បាលដំរី ប្រពន្ធជិះខាងក្រោយ មានរេហ៍ពលហែហមអមមុខក្រោយជាក្បួនទ័ពត្រៀបត្រាពាសពេញ លុះជិះទៅជិតខ្មាំងសត្រូវមើលឃើញច្បាស់ប្រាកដ គង់ហ៊ានភ័យណាស់ លេចអាចម៍លេចនោមញ័រដៃជើងដូចគេអង្រួនក្បាលដំរី ។ ឯដំរីគិតស្មានថា គេអង្រួនឲ្យខ្លួនបោលចូលក៏ចេះតែបោលសម្រុកចូលទៅ មុនរេហ៍ពលទាំងអស់គ្មាននរណាតាមទាន់ ។
ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោលដំរីចូលដូច្នោះ គិតស្មានថាមេទ័ពនេះពូកែណាស់ ក៏បាក់ទ័ពចាញ់ រត់យកតែព្រះអាយុដោយខ្លួនទៅ ។ គង់ហ៊ានឃើញខ្មាំងរត់ទៅអស់ក៏ធ្វើជាអួតក្អេងក្អាង ឲ្យអស់នាហ្មឺននិងរេហ៍ពលកោតខ្លាច ។ អស់នាហ្មឺនឃើញគង់ហ៊ានលេចអាចម៍ដាក់ក្បាលដំរី ស្អុយពាសពេញដូច្នេះ គេសួរថា «លោកមេទ័ព ថ្វីក៏លេចលាមកដូច្នេះ ?» ។ គង់ហ៊ានឆ្លើយឡើងថា «បើកំពុងតែច្បាំងនឹងសត្រូវហើយឈឺផ្ទៃ និងចុះទៅដោះទុក្ខសត្វឯណាបាន មានតែដោះទុក្ខសត្វលើក្បាលដំរីដូច្នេះឯង បើរវល់តែដោះទុក្ខសត្វ ខ្មាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយឬ ? »
អស់នាហ្មឺននិងរេហ៍ពល ឮគង់ហ៊ាននិយាយដូច្នោះ អ្នកខ្លះមានប្រាជ្ញា គេដឹងថាគង់ហ៊ានខ្លាច, អ្នកខ្លះមិនសូវមានប្រាជ្ញា ក៏កោតខ្លាចគង់ហ៊ានណាស់ ។ ឯគង់ហ៊ានបានឈ្នះទ័ព ត្រឡប់ចូលមកក្នុងនគរវិញ ហើយចូលទៅក្រាបថ្វាយបង្គំស្ដេច ។
ស្ដេចទ្រង់ជ្រាបថា គង់ហ៊ានទៅច្បាំងឈ្នះ ដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅ ទ្រង់ត្រេកអរណាស់ ទ្រង់ព្រះរាជទានយសសក្ដិជានាហ្មឺនធំ ហើយព្រះរាជទានព្រះរាជទ្រព្យគ្រឿងបណ្ណាការជាច្រើន ។
តាំងអំពីថ្ងៃនោះមក គង់ហ៊ាន រឹតតែអួតខ្លាំងពូកែក្អេងក្អាងឡើងទៀត ។ លុះក្រោយមកទៀត មានក្រពើសាហាវមួយ ចេះតែដេញខាំអស់មនុស្សម្នា អ្នកឈ្មួញជួញលក់ដូរ ដើររកស៊ីខាងជើងទឹកជើងកំពង់ គេខ្លាចរអាគ្រប់គ្នា មិនមានអ្នកណាហ៊ានចុះមុជទឹក ឬដើរងូតសោះ ។ អស់រាស្ត្រលំបាកចិត្តណាស់ ។ រឿងនោះក៏ជ្រាបទៅដល់ស្ដេចៗ ទ្រង់ត្រាស់ប្រើឲ្យគង់ហ៊ានទៅចាប់ក្រពើ ។ ឯគង់ហ៊ានឮព្រះបន្ទូលដូច្នោះនឹកភ័យណាស់ ប៉ុន្តែមិនហ៊ានទទឹងព្រះបន្ទូល ក៏ទទួលថា នឹងយកអាសាសូមទ្រង់កុំព្រួយព្រះរាជហឫទ័យ ។ គង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថា «គេហ៍អើយ ! ឥឡូវនេះស្ដេចទ្រង់ប្រើយើងឲ្យទៅចាប់ក្រពើក្នុងទន្លេ ត្បិតក្រពើសាហាវណាស់, ម្ដងនេះឃើញជាមិនរួចខ្លួនទេ មុខជាក្រពើខាំស្លាប់មិនខាន, ពីមុននៅលើគោកគ្រាន់នឹងមើលទៅឃើញ ឥឡូវនេះនៅក្នុងទឹក ធ្វើដូចម្ដេចនឹងគេចរួច ? ប៉ុន្តែស្ដេចទ្រង់ប្រើហើយនឹងមិនទៅក៏មិនបាន បើដូច្នេះមានតែទៅលោតទឹកឲ្យក្រពើខាំស្លាប់តែម្ដងទៅ » គង់ហ៊ានគិតគ្នានឹងប្រពន្ធដូច្នោះហើយ ក៏ហៅអស់កូនក្មួយមកធ្វើជាទៅចាប់ក្រពើ ។ អស់មនុស្សម្នា មហាជន បានឮថាគង់ហ៊ានបានទៅចាប់ក្រពើ ក៏បបួលគ្នាទៅមើលពាសពេញ ។ លុះគង់ហ៊ានទៅដល់កំពង់ទឹក បានឃើញក្រពើហែលមកប្របច្រាំង ត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នា មានប្រគាប គាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះ ដោយគិតថា លោតទៅឲ្យក្រពើវាខាំឲ្យស្លាប់ទៅទេ ប៉ុន្តែក្រពើវាឮសូរសន្ធឹកគង់ហ៊ានលោតចុះក៏ភ្ញាក់ព្រើត ប្រឹងលោតឡើងដូចគេប្រហកក្នុងប្រគាបឈើ ជាប់ពាក់កណ្ដាលខ្លួនរុញទៅមុខ ក៏មិនរួច ថយមកក្រោយក៏មិនរួច ។ គង់ហ៊ានមុជទៅក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នោះ ស្រែកបង្គាប់កូនក្មួយ ឲ្យយកលំពែងមកចាក់ កាប់ក្រពើនោះស្លាប់ទៅ ។ ឯអ្នកដែលមើលទាំងប៉ុន្មាន គេគិតស្មានថាគង់ហ៊ានចាប់ក្រពើបោះមកឲ្យជាប់នឹងដើមឈើ ក៏កោតខ្លាចគង់ហ៊ានក្រៃពេក ។
គង់ហ៊ាន បានឃើញក្រពើស្លាប់ដូច្នោះ ក៏រឹតតែក្អេងក្អាង អួតខ្លាំងពូកែឡើងទៀត ហើយចូលទៅក្រាបទូលស្ដេច តាមខ្លួនបានចាប់ក្រពើចោលឡើងមកលើគោក ។ ស្ដេចក៏ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានយសសក្ខី ឲ្យគង់ហ៊ានឡើងជាធំលើសពីមុនទៀត ហើយទ្រង់ព្រះរាជទានទាំងអំណាច ទាំងរង្វាន់ជាច្រើន ៕ចប់(សំណាបយោងដី ស្ស្រីយោងប្រុស)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)