ភ្នំពេញ ៖ លោកថេង សុថុល អភិបាលខណ្ឌចំការមនតែងតែបើកកិច្ចប្រជុំជាមួយនឹងមេភូមិ ចៅសង្កាត់ត្រូវតែត្រួតពិនិត្យលើដីសាធារណៈ ហាមដាច់ខាតមិនឱ្យសង់សំណង់រំលោភលើដីសាធារណៈជាដាច់ខាត។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ ២០២០នេះនៅសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន មានដីឡូត៍១កន្លែង អាជ្ញាធរបានចុះហាមឃាត់សំណង់សង់ពីគ្រោងឆ្អឹងដែក ក្នុងដីឡូត៍ដែលមានប្រវែង ៣៥ម៉ែត្រ ទទឹង ៥ម៉ែត្រ ក្រោយពីអាជ្ញាធរបានចុះហាមឃាត់ជាច្រើនលើកមកហើយ ។
លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានប្រាប់ដល់តំណាងម្ចាស់ឃ្លាំងថា ជាគោលការណ៍របស់រដ្ឋបាលរាជធានី រាល់សំណង់ថ្មី គឺមិនឱ្យមានការសាងសង់លើដីចំណីប្រឡាយជាដាច់ខាត។ ប៉ុន្តែសម្រាប់លំនៅឋានរបស់ប្រជាពលរដ្ឋ ដែលមានពីមុនៗចាស់មកនោះ គឺអាចរស់នៅធម្មតាហាមខុសរូបភាពដើម។
ទោះជាយ៉ាងណា អាជ្ញាធរខណ្ឌចំការមន មិនអាចឱ្យមានការសង់រំលោភយកដីរដ្ឋ តាមប្រឡាយបានជាដាច់ខាត ។ ចាប់ពីពេលនេះតទៅ សូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ការដោះដូរគ្នាទៅវិញទៅមក គឺថា បងប្អូនរស់នៅត្រង់ណា នៅត្រង់នោះ គឺប៉ុនណា នៅប៉ុននោះសិនទៅ ។ ដូច្នេះបើសិនមេភូមិណាហ៊ានស៊ីញ៉េគឺត្រូវទទួលខុសត្រូវ ជាប់គុក។
លោកបន្តថា បើមានវត្តមានខ្ញុំនៅខណ្ឌចំការមន គឺអត់មានការសង់រំលោភយកដីរដ្ឋ សង់ខុសច្បាប់ជាដាច់ខាត ។ អ៊ីចឹងរឿងពីមុន គឺអូខេ ព្រោះគ្មានវត្តមានខ្ញុំ តែពេលនេះមានវត្តមានខ្ញុំ ខ្ញុំការពារប៉ុណ្ណឹងសិន ហើយចាំពេលណាអស់វត្តមានខ្ញុំ ហើយមានអ្នកដទៃមកជំនួសខ្ញុំនោះ មានគោលការណ៍របៀបម៉េច ជារឿងរបស់គេ ។ក្រោយពីរៀបរាប់អំពីច្បាប់ប្រាប់ម្ចាស់ដីមក ម្ចាស់ដីក៏ព្រមឱ្យអាជ្ញាធររុះរើដោយម្ចាស់ដីគ្មានកម្លាំង តែអាជ្ញាធរបានបញ្ជាក់ថាបើខូចខាតមិនទទួលខុសត្រូវនោះទេ ហើយម្ចាស់ដីបានឯកភាពនិងយល់ព្រមលែងតវ៉ាបន្តទៀតហើយ ក្នុងនោះអាជ្ញាធរបានអរគុណដល់ម្ចាស់ដីដែលយល់ដឹងពីច្បាប់នៃការសាងសង់ដោយបានអំពាវនាវដល់ម្ចាស់ដីផ្សេងៗទៀតកុំរំលោភបំពានដីរដ្ឋមិនថាឯកឧត្ដមឬលោកឧកញ៉ានោះទេគឺឱ្យតែខុសច្បាប់រូបគាត់ជាអាជ្ញាធរនិឹងចុះមកកាត់ចោលក្រោយពីចេញសេចក្ដីជូនដំណឹងច្រើនលើករួចហើយនោះ ៕ជ្រោយពេជ្រ