ព័ត៌មានទាន់ហេតុការណ៍៖

ចិនផ្អាកផ្តល់ទិដ្ឋាការដល់ពលរដ្ឋអាមេរិកដែលជ្រៀតជ្រែកកិច្ចការហុងកុង​

ចែករំលែក៖

នៅថ្ងៃទី​២៩ ខែមិថុនា ចិនបានប្រកាសផ្អាកផ្តល់ទិដ្ឋាការ​ដល់មន្ត្រី ពលរដ្ឋអាមេរិក​ដែលបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន គឺហុងកុង​។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលហុងកុង​បានអនុវត្តច្បាប់សន្តិសុខថ្មីយ៉ាងពេញលេញ​។
សារព័ត៌មាន​​ China Daily ​បានផ្សាយថា ​«​ចិនបានសម្រេចកាត់បន្ថយការផ្តល់ទិដ្ឋាការ​ចំពោះបុគ្គល​ មន្ត្រីអាមេរិកដែលមានសកម្មភាព​មិនអាចទទួលយកបានពាក់ព័ន្ធនឹងកោះហុងកុង​»។ អ្នកនាំពាក្យក្រសួងការបរទេសចិន​បានបញ្ជាក់យ៉ាងច្បាស់ថា​ រាល់ការខិតខំរបស់អាមេរិក​ដើម្បីរារាំងច្បាប់សន្តិសុខថ្មីនៅហុងកុង គឺមិនអាចទទួលបានជោគជ័យឡើយ​។
សកម្មភាពខាងលើរបស់ចិន​ក្រោយពេលដែលទីក្រុងវ៉ាស៊ីនតោន​បានសម្រេច​ផ្អាកផ្តល់ទិដ្ឋាការដល់មន្ត្រីចិន​ដែលអាមេរិកចាត់ទុកថា​បានរារាំង​​ដល់លទ្ធិប្រជាធិបតេយ្យនៅកោះហុងកុង​។ សកម្មភាពរបស់អាមេរិក​ត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំង​ប្រឆាំងយ៉ាងខ្លាំង​ ហើយបញ្ជាក់ថានេះជាកិច្ចការផ្ទៃក្នុងរបស់ចិន​។
កាលពីថ្ងៃទី​២៨ ខែឧសភា សភាចិន​បានអនុម័តទៅលើ​ច្បាប់សន្តិសុខនៅលើកោះហុងកុង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់យូរអង្វែងនៅលើកោះនេះ ។​ ច្បាប់សន្តិសុខ មិនធ្វើឲ្យប៉ះពាល់ដល់ទម្រង់​សេដ្ឋកិច្ចនយោបាយរបស់កោះហុងកុងនោះឡើយ គឺសំដៅទៅលើជនខិលខូច​ប្រព្រឹត្តល្មើសតែប៉ុណ្ណោះ​៕

ដោយ៖ធី រីណា


ចែករំលែក៖