ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងកសាងចំណតរថយន្តចំនួន៣ទីតាំង នៅក្នុងរាជធានីភ្នំពេញ ដែលគម្រោងនេះនឹងចំណោយទឹកប្រាក់វិនិយោគប្រមាណ១៦០លានដុល្លារ អាមេរិក ក្នុងនោះ១កន្លែងនៅតំបន់រង្វង់មូលកួរស្រូវជាប់ព្រំប្រទល់ខេត្តកណ្តាល មួយកន្លែងទៀតនៅតំបន់ផ្លូវជាតិលេខ៦ និងមួយកន្លែងទៀតកំពុងរកទីតាំងដែលស្ថិតនៅជាយក្រុង។
ឆ្លើយតបទៅនឹងការមានបំណងវិនិយោគលើចំណតរថយន្តក្នុងរាជធានីភ្នំពេញរបស់ក្រុមហ៊ុន Good Car investment របស់ប្រទេសចិន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះ ខណៈលោកទទួលជួបម្ចាស់ក្រុមហ៊ុនចិន Good Car investment កាលពីរសៀលថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ចំណតក្រោមដីនេះស្របតាមគោលបំណងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវការចំណតរថយន្តជាចំណុចអាទិភាពក្នុងទីក្រុងសព្វថ្ងៃដែលខ្វះចំណត។
លោកស្រីចាន់ សុទ្ធា ម្ចាស់គម្រោងបានជម្រាបជូនពីគោលបំណងវិនិយោគលើចំណតរថយន្ត និង នាំចូលរថយន្ត ដឹកជញ្ជូនទំនិញ និងរថយន្តដឹកជញ្ជូនអ្នកដំណើរមកកាន់រាជធានីភ្នំពេញ។ តំណាងក្រុមហ៊ុនបានបង្ហាញពីគោលដៅត្រូវកសាងចំណតរថយន្តចំនួន៣ទីតាំងក្នុងរាជធានីភ្នំពេញលើទឹកប្រាក់វិនិយោគ១៦០លានដុល្លារអាមេរិកដែលក្រុមហ៊ុនបានពិនិត្យទីតាំងរួចចំនួន២កន្លែងគឺនៅតំបន់រង្វង់មូលកួរស្រូវជាប់ព្រំប្រទល់ខេត្តកណ្តាលមួយកន្លែង និងនៅតំបន់ផ្លូវជាតិលេខ៦មួយកន្លែងនិងកំពុងរកទីតាំងមួយកន្លែងទៀតដែលស្ថិតនៅជាយក្រុង។
លោកអភិបាលរាជធានីបានផ្តល់អនុសាសន៍ឲ្យក្រុមហ៊ុនសិក្សាឲ្យច្បាស់លាស់មុនសម្រេចចិត្តវិនិយោគគឺធ្វើឲ្យបានជោគជ័យ ព្រោះកន្លងមកមានក្រុមហ៊ុនច្រើនមកហើយបានលើកឡើងពីការចង់វិនិយោគបែបនេះ តែមិនទទួលបានលទ្ធផលទេ បានត្រឹមមកបង្ហាញគម្រោងធំ ទំនើបរបស់ខ្លួន តែពុំមានឃើញលទ្ធផលដោយសារតែខ្វះការសិក្សាស្វែងយល់ពីចំណង់ចំណូលចិត្ត ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរធ្វើឲ្យពួកគេបរាជ័យ៕
ដោយ៖ សំរិត