ព័ត៌មានទាន់ហេតុការណ៍៖

ចាក់ដីរំលោភចូលប្រឡាយសាធារណៈត្រូវអាជ្ញាធរខណ្ឌដង្កោចុះផ្អាកបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដង្កោ បានចុះផ្អាកសកម្មភាពម្ចាស់ដីឡូត៍២ទីតាំង ដែលចាក់ដីរំលោភចូលប្រឡាយសាធារណៈ កាលពីវេលាម៉ោង ១៣និង ៤៥នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

     សកម្មភាពនេះដឹកនាំដោយលោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ ក្រោមការបញ្ជាពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីជំនាញសាលាខណ្ឌ អាជ្ញាធរសង្កាត់ និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌដង្កោ ។

     លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ ប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះផ្តល់ដំណឹងមកឲ្យសាលាខណ្ឌដង្កោ លោក ស្រីគឹម ញឹប អភិបាលខណ្ឌដង្កោ បានណែនាំឱ្យលោកដឹកនាំមន្ត្រីជំនាញសាលាខណ្ឌ អាជ្ញាធរសង្កាត់ និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌ ចុះពិនិត្យជាក់ស្តែង ឃើញថា ការចាក់ដីបំពេញដីឡូត៍ទាំង ២ទីតាំងនេះមិនមានលិខិតអនុញ្ញាតនោះទេ ហើយការចាក់ដីនោះទៀតសោត គឺចាក់លុបប្រឡាយសាធារណៈទៀតផង ។ អាជ្ញាធរខណ្ឌដង្កោសម្រេចផ្អាកការងារចាក់ដីជាបណ្តោះអាសន្ន ដោយរង់ចាំពិនិត្យលិខិតស្នាមឱ្យបានត្រឹមត្រូវសិន ទើបអាចអនុញ្ញាតឲ្យបន្តសកម្មភាពទៀត។ ផ្ទុយទៅវិញបើពិនិត្យឃើញថា មិនមានឯកសារត្រឹមត្រូវនោះទេ រដ្ឋបាលខណ្ឌដង្កោ នឹងមានវិធានការតាមច្បាប់បន្តទៀត ។

     លោក ជ ចាន់ស៊ាង បានប្រាប់បន្តឲ្យដឹងទៀតថា នាពេលចុះផ្អាកនេះ គឺមិនមានការដកហូតសម្ភារ ឬ គ្រឿងចក្រនោះទេ ដោយកំពុងទាក់ទងមេភូមិ និង អាជ្ញាធរសង្កាត់ព្រែកកំពឹសឱ្យស្រាវជ្រាវរកម្ចាស់ដីទាំង២ទីតាំង ហើយឱ្យយកឯកសារពាក់ព័ន្ធចូលទៅសាលាខណ្ឌដង្កោ ដើម្បីពិនិត្យជាក់ស្តែង ៕

ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖