ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកខ្សាច់បើកបុករះចូលផ្ទះគេខូចសំយាប៣ល្វែង រួមជាមួយម៉ូតូនិងរុីម៉កម៉ូតូកង់បីផងដែរ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តប្រភេទបែនដឹកខ្សាច់មួយគ្រឿងខណៈកំពុងបើកបរលឿនស្រាប់តែរេចង្កូតជ្រុលទៅបុករះចូលផ្ទះលក់ទំនិញ៣ល្វែង បណ្ដាលឲ្យបាក់ខ្ទេចសំយាបនិងអីវ៉ាន់ រួចបន្តទៅបុកម៉ូតូម៉ាកហុងដាគុបជ្រុង១គ្រឿងនិងរុីម៉កម៉ូតូកង់បី១គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។ប៉ុន្តែជាសំណាងដែរមិនបណ្ដាលឲ្យម្ចាស់ផ្ទះនិងម្ចាស់ម៉ូតូគុបនិងម្ចាស់រុឺម៉ក ម៉ូតូកង់បីរងរបួសឬស្លាប់ឡើយ គ្រាន់តែរត់ចែកផ្លូវគ្នាស្ទើរពុំរួចនិងភ័យព្រលឹងចុងសក់គ្រប់ៗគ្នា។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះ=ឈ្នះ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។រថយន្តបង្កម៉ាកនីស្សាន់បែនដឹកខ្សាច់កង់៦ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1925 បើកបរដោយយុវជនម្នាក់ឈ្មោះប៊ុន លី អាយុជាង២០ឆ្នាំ ហើយសង្ស័យងងុយដេកទើបកើតរឿងបែបនេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខណៈដែលម្ចាស់ផ្ទះទាំង៣ល្វែងកំពុងលក់ដូរ ហើយម៉ូតូគុបជ្រុងនិងរុីម៉កម៉ូតូកង់បីកំពុងឈប់តាមចិញ្ចើមផ្លូវខាងលើ ស្រាប់តែរថយន្តបង្កនោះបើកបរក្នុងល្បឿនលឿនពីត្បូងទៅជើង ហើយខណៈនោះពុំដឹងថាមានរឿងអ្វីកើតឡើងទៅលើអ្នកបើកបរទេ ស្រាប់តែរេចង្កូតជ្រុលទៅបុករះផ្ទះទាំងនោះទាំងកំរោល បណ្ដាលឲ្យបាក់សំយាប និងខូចខាតអីវ៉ាន់រាយប៉ាយ ព្រមទាំងបាក់បង្គោលភ្លើង១ដើមទៀតផង។

ប្រភពដដែលបានបន្តទៀតថា ប៉ុណ្ណឹងហើយរថយន្តនៅមិនព្រមអស់ល្បឿនទេបានបន្តជ្រុលទៅបុករះម៉ូតូម៉ាកហុងដាគុបជ្រុងនិងរុឺម៉កម៉ូតូកង់បីជាបន្តបន្ទាប់ទៀតរហូតរុញផ្ទប់ទៅនឹងជញ្ជាំងទើបឈប់ស្ងៀម ហើយម្ចាស់ផ្ទះនិងម្ចាស់ម៉ូតូ ទាំងនោះបានរត់ទាំងព្រលឹងចុងសក់។បន្ទាប់មកអ្នកបើកបរបានចេញមកពីក្នុងរថយន្តហើយនិយាយថា ដោយសារតែខ្លួនបើកគេចពីម៉ូតូ១គ្រឿងទើបបណ្ដាលឲ្យបែកកាប៉ែនរថយន្តជាន់ហ្រ្វ័ងអត់សុីរួចក៏បុកបែបនេះតែម្ដង។ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍សំរោងក្រោមនិងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានចុះទៅទាញរថយន្តចេញរួចឲ្យភាគីទាំងអស់សម្រួលគ្នាបញ្ចប់រឿង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖