អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន Telegraph បានចេញផ្សាយនៅថ្ងៃពុធទី០១ ខែកក្កដា ឆ្នាំ២០២០នេះថា ប៉ូលិសហុងកុងបានឃាត់ខ្លួនបុរសម្នាក់ក្នុងចំណោមបាតុករជាច្រើននាក់ ដែលមានកាន់ទង់ទាមទារឯករាជ្យនៅក្នុងដៃ ។ ខណៈដែលអាជ្ញាធរទីក្រុងនេះកំពុងប្រារព្ធខួបឆ្នាំទី២៣ នៃការរួចខ្លួនពីពួកអាណានិគមអង់គ្លេស និងមួយថ្ងៃ បន្ទាប់ពីសភាចិនបានអនុម័តច្បាប់សន្តិសុខជាតិថ្មី ដើម្បីដាក់ឲ្យប្រើប្រាស់លើទីក្រុងស្វយ័តមួយនេះ។
អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ កាលពីព្រឹកថ្ងៃពុធនេះ បានលើកឡើងក្នុងពិធីរំលឹកខួបឆ្នាំទី ២៣ នៃការប្រគល់ហុងកុងឲ្យចិនវិញថា ច្បាប់សន្តិសុខថ្មី ដែលសភាចិនទើបបានអនុម័តកាលពីថ្ងៃម្សិលមុិញនេះគឺជារបត់មួយដើម្បីនាំហុងកុងចេញពីភាពជាប់គាំងនាពេលបច្ចុប្បន្ន និងដើម្បីស្តារស្ថិរភាព និងសណ្តាប់ធ្នាប់ក្នុងទីក្រុងនេះឡើងវិញ។
គួរបញ្ជាក់ថា នៅថ្ងៃពុធនេះដែរ កងកម្លាំងប៉ូលិសហុងកុងបានប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករ ដែលវាជាលើកដំបូងហើយគិតចាប់តាំងពីច្បាប់សន្តិសុខជាតិថ្មី ត្រូវបានសភាចិនអនុម័តដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០។ ប៉ូលិសហុងកុងបានគូសបញ្ជាក់ថា បុរសជាបាតុករខាងលើនេះ បានប្រើប្រាស់ទង់មួយមានសរសេរពាក្យថា «Hong Kong Independence ឬឯករាជ្យរបស់ហុងកុង» ដែលប្រាកដណាស់ថា ជាសញ្ញាបំពានទៅលើច្បាប់ដែលបានចែង៕ដោយ៖ស តារា