ខេត្តព្រះសីហនុ ៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកសហការណ៍ជាមួុយកម្លាំងការិយាល័យនគរបាលទេសចរណ៍ និងកម្លាំងអធិការក្រុងកោះរ៉ុង ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួុងធនធានទឹក ស្តីពីអាកាសធាតុលើផ្ទៃសមុទ្រមានការប្រែប្រួុល ដោយណែនាំតម្រូវអោយតាមផែដឹកភ្ញៀវទេសចរ ដើមទី ចុងទី ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេស ប្រព័ន្ធសុវត្ថិភាព មិនអោយដឹកលើសចំណុះ ពាក់អាវពោងសុវត្ថិភាពពេលជិះលើអូប័រ តែបើមានភ្លៀងនិងខ្យល់ខ្លាំង ទូកដឹកភ្ញៀវទេសចរត្រូវពន្យារជើងទូកឬផ្អាកតែម្តង ។
ការចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងធ្វេីឡេីងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ដោយចុះផ្ទាល់ដល់ទីតាំងចេញទូក កាណូតតាមណែនាំពីលោកឧត្តមសេនីយ៍ទោ ស្នងកានគរបាលខេត្តព្រះសីហនុ ។
យោងតាមសេចក្តីប្រកាសជូនដំណឹងពីក្រុមការងារក្រសួងធនក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះបញ្ជាក់មូលហេតុថា ខ្យល់មូសុងនិរតីបក់ខ្លាំង ជាមួយនឹងជ្រលងនៃប្រព័ន្ធសម្ពាធទាបបង្កើនឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ។
សេចក្ដីជូនដំណឹងបន្តទៀតថា បណ្តាខេត្តនៅតំបន់ចំនួនបីក្នុង ប្រទេសកម្ពុជារួមមាន តំបន់វាលទំនាបកណ្ដាល តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ក្នុងនោះ ក៏មានផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ខ្លាំងផងដែរ ខណៈនៅលើផ្ទៃសមុទ្រនឹង អាចមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់ ៕ ដោយ ៖ ជាយក្រុង