ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនសហការជាមួយនគរបាលមូលដ្ឋានខណ្ឌសែនសុខ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ កល្យាណម៉ាស្សា មានបង្កប់សេវាផ្លូវភេទ  ដោយឃាត់ខ្លួនមនុស្សចំនួន៤នាក់ ក្នុងនោះមានស្រ្តីម្ចាស់ទីតាំង១នាក់ នារីរងគ្រោះចំនួន៣នាក់ (អនីតិជន១នាក់) ។ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ ៨៣Eo សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការដឹកនាំបញ្ជាផ្ទាល់ពីលោក សេង គីមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោកឩត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានឱ្យដឹងថា ស្រ្តីម្ចាស់ទីតាំងមាន ឈ្មោះ ប៉ែន គីមស្រ៊ាង អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកហាងម៉ាស្សា ស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ ៨៣Eo សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងទៀតថា ទីតាំងម៉ាស្សាកោសជប់ យីហោ កល្យាណម៉ាស្សា មានបង្កប់សេវាផ្លូវភេទ ចាប់ផ្ដើមបើកបម្រើសេវាពីម៉ោង៩ព្រឹក រហូតដល់យប់ជ្រៅរំលងអធ្រាត្រដោយមាននារីក្មេងចំនួន៥នាក់ រង់ចាំទទួលភ្ញៀវមកម៉ាស្សា ហើយជាធម្មតាតម្លៃ៥$ ម៉ាស្សាប្រេង៨$ រយៈពេល១ម៉ោង និងរួមភេទតម្លៃចាប់ពី ៤០ដុល្លារទៅ៥០ដុល្លារក្នុងមួយដង។

ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះកម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន ៤នាក់ ក្នុងនោះមានស្រ្តីម្ចាស់ទីតាំងម្នាក់ និងនារីរងគ្រោះចំនួន៣នាក់(អនីតិជនម្នាក់) ព្រមទាំងដកហូតវត្ថុតាងរួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនផងដែរបាននាំយកមកការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីបន្តការសាកសួរនិងចាត់ការតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖