ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ចុះពិនិត្យគម្រោងធ្វើរបងថ្មនិងរៀបការ៉ូឡាជិត១គីឡូម៉ែត្រនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ពីស្ថានីយរថភ្លើងដល់ស្ដុបនាគវ័ន ខណ្ឌដូនពេញ

ចែករំលែក៖

     ភ្នំពេញ៖  ដើម្បីលើកសោភណភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់ស្អាតនិងមានសណ្ដាប់ធ្នាប់ល្អ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងរៀបចំស្ថាបនារបងថ្មជាមួយនឹងការរៀបការ៉ូឡាលើចិញ្ចើមផ្លូវនៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ី ដោយចាប់ពីការ៉ាសសាំងតូតាល់រហូត ដល់ស្តុបវត្តនាគវ័ន ខណ្ឌដូនពេញ ។ 

  ដើម្បីឱ្យគម្រោងនៃការរៀបចំរបងថ្មនិងរៀបការ៉ូឡានេះដំណើរការទៅបានរលូននិងទទួលបានជោគជ័យនោះ នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២០នេះលោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌដូនពេញ ចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ដោយចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលមានលំនៅឋានប៉ះពាល់ ដោយស្នើឲ្យបងប្អូនប្រជាពលរដ្ឋមានការយោគយល់ និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ជុំវិញគម្រោងស្ថាបនារបងថ្មមួយនេះ ដោយហេតុថា កំណាត់ផ្លូវមួយនេះមិនមានផ្លូវថ្មើរជើងទេ ដូច្នេះយើងនឹងធ្វើឱ្យមានចិញ្ចើមសម្រាប់អ្នកថ្មើរជើងដើរឱ្យបានស្អាតសមជាទីក្រុងដែលជាបេះដូងនៃព្រះ រាជាណាចក្រកម្ពុជា។ ក្នុងចុះពិនិត្យស្ថានភាពនៅពេលនោះបងប្អូនប្រជាពលរដ្ឋក៏បានបង្ហាញនូវទឹកចិត្តស្រលាញ់រាប់អានយ៉ាងខ្លាំងចំពោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបានគាំទ្រជុំវិញគម្រោងខាងលើផងដែរ ។

    បើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលបានចុះទៅពិនិត្យទីតាំងខាងលើជាមួយលោកអភិបាលរាជធានីបានបញ្ជាក់ឲ្យដឹងថា គម្រោងនៃការរៀបចំសាងសង់របងថ្ម នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខនឹងទីស្ដីការគណៈរដ្ឋមន្ត្រីនេះរដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើជាពីរដំណាក់កាលដោយដំណាក់កាលទី១ចាប់ផ្ដើមអនុវត្តការដ្ឋានចេញពីការ៉ាសសាំងតូតាល់ដល់ផ្លូវR៦ (ស្តុបក្តាន់២)មានប្រវែង ៦៥០ម៉ែត្រកម្ពស់ ២ម៉ែត្រ ។ ដំណាក់កាលទី២ចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២)នេះ រហូតដល់ទល់វត្តនាគវ័នដែលមានប្រវែង៤៣៧ម៉ែត្រ។

  មន្ត្រីដដែលបានបញ្ជាក់ថា ការធ្វើរបងថ្ម ជាមួយនឹងការរៀបចំការ៉ូឡាសម្រាប់ថ្មើរជើងខាងលើនេះ លោកអភិបាលរាជធានីភ្នំពេញ ធ្វើឡើងដើម្បីលើកសោភណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរ ដោយសារតែផ្លូវសហព័ន្ធរុស្ស៊ី ជាផ្លូវមួយដែលភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ ដូច្នេះដាច់ខាតត្រូវតែរៀបចំផ្លូវនេះឲ្យមានសោភណភាពនិងសណ្ដាប់ធ្នាប់ល្អប្រសើរ 

ដោយ៖ សំរិត


ចែករំលែក៖