ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងការងារ៖ គ្មានការផ្អាកដំណើរការពិភាក្សាប្រាក់ឈ្នួលជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២១ នោះឡើយ

ចែករំលែក៖

ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែកក្កដានេះ បានបញ្ជាក់ថា គ្មានការផ្អាកដំណើរការពិភាក្សាប្រាក់ឈ្នួលជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២១ នោះឡើយពោលគឺនៅតែដំណើរការពិភាក្សាតាមប្រតិទិនក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួង

អ្នកនាំពាក្យក្រសួងការងាររូបនេះ បន្តថា ទោះបីជាពិភពលោក និងប្រទេសកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ១៩ ក៏ពិតមែន ប៉ុន្តែសម្រាប់ដំណើរការពិភាក្សា ដើម្បីដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ នៅតែអាចដំណើរការបានជាធម្មតា ដោយក្នុងខែកក្កដានេះ ភាគីនីមួយៗបានឈានដល់ពេលពិភាក្សាផ្ទៃក្នុងរៀងៗខ្លួន។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ ភាគីនិយោជកបានស្នើទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុំផ្អាកការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២១ រយៈពេលមួយឆ្នាំសិន ដើម្បីប៉ះប៉ូវការខាតបង់ដោយសារវិបត្តិជំងឺកូវីដ១៩បានខ្លះ។ ប៉ុន្តែសំណើនេះជំទាស់ដោយក្រសួងការងារ និងភាគីនិយោជិត

ដោយឡែកលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរ កម្ពុជា និងជាតំណាងភាគីសហជីពផងនោះ បានឲ្យដឹងដែរថា ការស្នើសុំផ្អាកដំឡើងប្រាក់ឈ្នូលជូនកម្មករនិយោជិតពីសំណាក់ភាគីនិយោជកនេះ គឺគ្មានហេតុផលសមរម្យនោះឡើយ ពីព្រោះការពិភាក្សាដំឡើងប្រាក់ឈ្នួលនេះ គឺសម្រាប់ឆ្នាំ២០២១ ឯណោះទេ មិនមែនសម្រាប់ក្នុងពេលមានវិបត្តិនេះឡើយ។

លោក ប្រធានសម្ព័ន្ធសហជីព បានបន្តថា ចំពោះកម្មករនិយោជិត គឺជួបផលប៉ះពាល់ខ្លាំងណាស់ទៅហើយ ប្រសិនបើនិយោជកមិនដំឡើងប្រាក់ឈ្នួលឱ្យទៀតនោះ ច្បាស់ណាស់ថាពួកគេគឺពិតជានឹងរងផលប៉ះពាល់កាន់តែខ្លាំងជាងនេះមិនខាន។ ទោះបីមានការអះអាងយ៉ាងនេះក្ដីប៉ុន្តែលោក អាត់ ធន់បានបង្ហើបឱ្យដឹងដែរថា «ហេតុផលនៃការចរចាត្រីភាគីឆ្នាំនេះ ប្រហែលជាមានភាពតឹងតែងបន្តិច»

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២១ ត្រូវអនុវត្តតាមប្រតិទិនដូចតទៅ៖

១/កំណត់យកខែកក្កដា ឆ្នាំ២០២០ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ។

២/កំណត់យកខែសីហា ឆ្នាំ២០២០ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈទ្វេភាគី និងត្រីភាគី។

៣/ កំណត់យកខែកញ្ញា ឆ្នាំ២០២០ បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេចប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។

៤/កំណត់យកថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ជាកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បបរមា។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរៀងរាល់ឆ្នាំ។ រហូតដល់ពេលនេះ ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិតនៅកម្ពុជា ឆ្នាំ២០២០ មានចំនួន១៩០ដុល្លារ ក្នុង១ខែ៕ដោយ៖ស តារា


ចែករំលែក៖